ភ្នំពេញ ៖ ស្ត្រីម្នាក់បានចេញទៅហូបការគេ លុះបាត់យូរពេក កូនស្រី និងប្តី បានចុចទូរស័ព្ទទៅសួរជាច្រើនលើកច្រើនសា បែរជាមិនព្រមទទួលទូរស័ព្ទសោះ ធ្វើឱ្យបុរសជាប្តីខឹងសម្បាយ៉ាងខ្លាំង ស្រាប់តែពេលត្រឡប់មកដល់ផ្ទះវិញ ស្ត្រីជាប្រពន្ធបែរជាជះសម្តីដាក់ប្តីថា “ខ្លាចអញ មិនស្គាល់ផ្ទះឬ?” ជាហេតុធ្វើឱ្យបុរសជាប្តី ដែលកំពុងអង្គុយផឹកស្រាក្នុងផ្ទះខឹងសម្បា ក៏កើតជាជម្លោះបែកផ្សែង រហូតបុរសជាប្តីទប់កំហឹងមិនបាន ក៏ទាញកាំភ្លើងបាញ់ប្រពន្ធធ្លាយដើមទ្រូងស្លាប់ បន្ទាប់មកក៏ទាញកាំភ្លើងមកបាញ់ទម្លុះក្បាលខ្លួនឯង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់។
ករណីឃាតកម្មដ៏ឃោរឃៅប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។
ជនបង្កហេតុជាប្តី ដែលបាញ់សម្លាប់ប្រពន្ធ រួចបាញ់ខ្លួនឯងធ្វើអត្តឃាត មានឈ្មោះហេង សុវណ្ណរ៉ា ហៅខ្លឹង អាយុ៤៧ឆ្នាំ ជាអតីតទាហានពិការ (ស៊ីឈ្មោះពិការពីឈ្មោះវ៉ាន់ ធី កងពលតូចអន្តរាគមន៍លេខ១២ ឈរជើងនៅអានសេះ ខេត្តព្រះវិហារ) សព្វថ្ងៃប្រកបរបរលក់បាយ គុយទាវ កាហ្វេ និងលាងរថយន្តនៅទីតាំងកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះស៊ុន ពៅ អាយុ៣៧ឆ្នាំ មុខរបរលក់បាយ។ ប្តីប្រពន្ធទាំង២នាក់ខាងលើ មានកូនប្រុសម្នាក់ ឈ្មោះហេង ដេវីត ហៅឃែ (ជាកូនបង្កើត) និងកូនចិញ្ចឹមស្រីម្នាក់ទៀត ឈ្មោះរចនា អាយុ៧ឆ្នាំ។
យោងតាមប្រភពពីសាច់ញាតិ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធទាំង២នាក់នេះ រស់នៅកន្លងមកមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ចេះតែកើតមានរឿងរ៉ាវរកាំរកូសជាប់ជាប្រចាំ ព្រោះតែបុរសជាប្តីតែងរករឿងឈ្លោះទាស់ទែងជាមួយប្រពន្ធជាញឹកញាប់ ដោយសារតែភ្លើងប្រចណ្ឌ។ ហើយមួយរយៈមុននេះ បុរសជាប្តីធ្លាប់បានច្របាច់កប្រពន្ធស្ទើរស្លាប់ម្តងរួចមកហើយ តែកាលនោះមានបងប្អូនចូលទៅជួយទាន់ ហើយបងប្អូនចេះតែប្រាប់ស្ត្រីជាប្រពន្ធថា កុំឱ្យតមាត់ជាមួយប្តីអី ខ្លាចក្រែងមានរឿងធំ ស្រាប់តែមកដល់ពេលនេះ ក៏កើតមានរឿងប្រចណ្ឌ រហូតឈានដល់ការបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនបែបនេះទាល់តែបាន។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះស៊ុន ពៅ បានចេញទៅហូបការគេ ចំណែកជនដៃដល់ជាប្តីនៅផ្ទះអង្គុយផឹកស៊ីជុំបងប្អូន។ បន្ទាប់មក នៅវេលាម៉ោង៧យប់ថ្ងៃដដែល កូនស្រីចិញ្ចឹមរបស់ជនរងគ្រោះឈ្មោះ រចនា ដើរមកបានយកទូរស័ព្ទរបស់ឪពុក ដើម្បីតេទៅម្តាយ តែពុំមានការឆ្លើយតបនោះទេ។
ប្រភពដដែល បន្តថា លុះរយៈពេលប្រមាណកន្លះម៉ោងក្រោយមក ដោយសារតែមិនទាន់ឃើញប្រពន្ធត្រឡប់មកពីស៊ីការគេវិញទៀត ណាមួយកូនស្រីយកទូរស័ព្ទខលទៅជាច្រើនដង មិនព្រមទទួល ទើបបុរសជាប្តីបានចុចទូរស័ព្ទទៅសួរប្រពន្ធម្តង ប៉ុន្តែប្រពន្ធនៅតែមិនព្រមទទួលដដែល។ រហូតដល់១ម៉ោងក្រោយមក ទើបឃើញស្ត្រីរងគ្រោះជាប្រពន្ធបានត្រឡប់មកផ្ទះវិញ លុះគ្រាន់តែចុះពីលើរថយន្តសឹងមិនទាន់ ស្រាប់តែស្ត្រីជាប្រពន្ធបានបោះសម្តីដាក់ជនដៃដល់ជាប្តីថា “ខ្លាចអញមិនស្គាល់ផ្ទះឬ?”។ ឮបែបនេះ បុរសជាប្តីបានឆ្លើយតបទៅប្រពន្ធវិញថា “កូនស្រីរចនា ជាអ្នកតេទូរស័ព្ទទៅទេ”។
ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះនិយាយដាក់គ្នាម្នាក់មួយឃ្លារួច ស្ត្រីជាប្រពន្ធឈ្មោះស៊ុន ពៅ ក៏បានដើរចូលទៅក្នុងបន្ទប់ ដើម្បីផ្លាស់ខោអាវបាត់ទៅ។ ស្រាប់តែមួយសន្ទុះក្រោយមក បុរសជាប្តីក៏ដើរចូលទៅតាមក្រោយ រួចក៏កើតជាសំឡេងឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាយ៉ាងខ្លាំងខ្ទរពេញផ្ទះ រហូតលាន់ឮសំឡេងប្រតាយប្រតប់គ្នាទៀតផង ប៉ុន្តែកូនស្រីតូចមិនហ៊ានចូលទៅឃាត់ឪពុកម្តាយឡើយ។ ចំណែកកូនប្រុសឈ្មោះដេវីត ដែលបានចេញទៅរៀនធ្វើជាជាងជួសជុលរថយន្ត ចប់ពីម៉ោងការងារ ត្រឡប់មកវិញអស់កម្លាំងពេក ក៏ដេកលក់នៅក្នុងបន្ទប់បាត់ទៅ ដោយមិនបានយកចិត្តទុកដាក់ពីរឿងឪពុកម្តាយឈ្លោះប្រកែកគ្នានោះទេ។
ប្រភពខាងលើ បានបញ្ជាក់ថា ស្រាប់តែបន្តិចក្រោយមក ក៏លាន់លឺសំឡេងគ្រាប់កាំភ្លើងផូងៗជាច្រើនគ្រាប់ ទើបធ្វើឱ្យកូនៗស្ទុះរត់ទៅបើកទ្វារមើលឪពុកម្តាយ ស្រាប់ឃើញម្តាយកំពុងដេកដួលក្នុងថ្លុកឈាម។ ចំណែកឪពុកបានទាញកាំភ្លើងមកបាញ់សម្លាប់ខ្លូនឯងចំក្បាល បណ្តាលឱ្យស្លាប់។ ភ្លាមនោះ ដោយឃើញស្ត្រីជាម្តាយនៅមានឮសំឡេងដកដង្ហើមនៅឡើយ ទើបកូនប្រុសបានលើកបីម្តាយដាក់រថយន្តផ្ទាល់ខ្លូន ដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត តែអកុសល ពេលដឹកទៅដល់ គ្រូពេទ្យពិនិត្យរួច ក៏បញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ទើបដឹកសពម្តាយត្រឡប់មកផ្ទះវិញ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ តែម្តង។
ក្រោយពេលកើតហេតុ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងទទួលផ្នែកព្រហ្មទណ្ទកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកម្លាំងជំនាញ ចុះទៅកន្លែងកើតហេតុ ដោយមានកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន កងរាជអាវុធហត្ថខេត្ត និងបុស្តិ៍រដ្ឋបាលបល្ល័ង្ក រួមទាំងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យកោសល្យវិច័យ។
បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ពិតជាមានជម្លោះរឿងប្រចណ្ឌ ដោយប្តីប្រចណ្ឌប្រពន្ធ ទើបឈានដល់ការបាញ់សម្លាប់គ្នា ដោយអាវុធខ្លី ម៉ាករ៉ូឡូ ចំនួន៥គ្រាប់ ដែលអាវុធនេះ ជនដៃដល់បានលួចលាក់ទុកកាលពីសម័យធ្វើជាកងទ័ព។
សាកសពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕