ខេត្តស្វាយរៀង ៖ ជនសង្ស័យជាជនជាតិចិន២នាក់ បានប្រើល្បិចធ្វើជាជិះម៉ូតូចូលចាក់សាំង លុះឃើញថៅកែស្រីម្ចាស់ស្ថានីយប្រេង មានលុយក្នុងកាបូបច្រើន ក៏ប្លន់ដណ្តើមយកលុយអស់១ដុំ ចំនួនជាង១លានរៀល រួចក៏ឡើងជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាពនាកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្ថានីយប្រេង ឥន្ធនៈយីហោ អង សុផា ស្ថិតក្នុងភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា។
តាមសម្តីស្ត្រីជាម្ចាស់ការ៉ាស់សាំង ឈ្មោះអង សុផា អាយុ៣៨ រស់នៅភូមិឃុំកើតហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មានជនជាតិចិន២នាក់ជិះម៉ូតូមកចាក់សាំងនៅការ៉ាស់សាំងរបស់គាត់ ចំនួន១ដុល្លារ លុះចាក់ សាំងហើយ ជនសង្ស័យទាំង២នាក់ ក៏បានហុចលុយក្រដាស់៥០ដុល្លារ មកឱ្យគាត់អាប់ ពេលនោះ គាត់ក៏ដកលុយចេញពីកាបូប អាប់ឱ្យជនសង្ស័យវិញ ចំនួន៤៩ដុល្លារ តែជនជាតិចិននោះបានគ្រវីក្បាល រួចនិយាយថា យកលុយខ្មែរវិញ លុះពេលគាត់កំពុងបើកកាបូបដកយកលុយរៀល មកអាប់ឱ្យជនសង្ស័យ ក៏ស្រាប់តែជនជាតិទាំង២នាក់នោះ បានដណ្តើមយកលុយពីគាត់អស់មួយដុំ រួចឡើងជិះម៉ូតូគេចខ្លួនតែម្តង។
ស្ត្រីរងគ្រោះជាម្ចាស់ការ៉ាស់សាំងបន្តថា ជនជាតិចិនដណ្តើមយកលុយពីគាត់ដោយសារពេលកើតហេតុស្ងាត់ និងមានតែគាត់ម្នាក់ឯងប៉ុណ្ណោះ ខណៈដែលឪពុកនិងប្តីគាត់មិននៅ ហើយឆ្ងាយពីផ្ទះអ្នកស្រុក ទើបទំនងឃើញឱកាសល្អស្ងាត់បែបនេះ ជនជាតិចិនទាំងពីរនាក់ ក៏ធ្វើសកម្មភាពប្លន់ដណ្តើមយកលុយរបស់គាត់ រួចឡើងបើកម៉ូតូគេចខ្លួនបាត់ភ្លាមៗ។ ចំណែកលុយដែលត្រូវជនជាតិចិន ដណ្តើមយកទៅនោះ មានចំនួន១លាន១សែន២ម៉ឺនរៀល។
ប្រជាពលរដ្ឋបន្តថា សកម្មភាពរបៀបនេះបានកើតឡើងញឹកញាប់ ហើយពិសេសផ្លូវឆ្លងកាត់ពីក្រុងបាវិតទៅមកច្រកព្រំដែនសំរោង ស្រុកចន្ទ្រា ចន្លោះតំបន់កាស៊ីណូទាំងពីរ ហើយជួនកាលជនជាតិចិនទាំងនោះ លេងល្បែងចាញ់ ក៏ហ៊ានប្រព្រឹត្តបទល្មើសតែម្តង ហើយករណីខាងលើ សង្ឃឹមថា សមត្ថកិច្ចជួយតាមរកជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕