ភ្នំពេញ ៖ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨យុវជនម្នាក់ទើបនឹងចេញពីផឹកស៊ីផ្ទះបងប្អូនស្រវឹងធ្លាក់ភ្នែក នឹកចង់រួមភេទ ក៏ជិះម៉ូតូដើររកផ្ទះបនស្រី តែដោយមិនស្គាល់ភូមិសាស្ត្រច្បាស់ ក៏ឈប់ម៉ូតូសួរជនសង្ស័យ៣នាក់ ស្រាប់តែជនសង្ស័យធានាថាជូនទៅរក តែសុំបើកម៉ូតូ លុះដល់កន្លែងស្ងាត់ ប្រាប់ឱ្យយុវជន ជាម្ចាស់ម៉ូតូចុះ រួចក៏បើកម៉ូតូគេចខ្លួនបាត់១យប់ នៅចំណុចភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រហូតព្រឹកឡើងថ្ងៃដដែល សមត្ថកិច្ចក៏ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតម៉ូតូជនរងគ្រោះត្រឡប់មកវិញ នៅចំណុចក្រុងដូនកែវ ខេត្តតាកែវ ដោយសារម៉ូតូមានភ្ជាប់ប្រព័ន្ធ GPS។
ជនសង្ស័យមានគ្នា៣នាក់ ទី១. សាយ នេត អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិ គោកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចចាប់ឃាត់បាន។ ទី២-ឈ្មោះអាង៉ោល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (កំពុងរត់គេចខ្លួន) និងទី៣. ឈ្មោះអាត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និងស្នាក់មិនពិតប្រាកដ (កំពុងរត់គេចខ្លួន)។ ចំណែកជនរងគ្រោះមានឈ្មោះសូ គោ អាយុ២៥ឆ្នាំ មុខរបរកម្មករស៊ីឈ្នួលលក់ឥវ៉ាន់ឱ្យម្តាយមីង ស្នាក់នៅផ្ទះលេខ១២E0 ផ្លូវលំ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូដែលត្រូវក្រុមជនសង្ស័យស៊ីដាច់ទៅនោះ ម៉ាក Zoomer-X ពណ៌សលាយបៃតងខ្ចី ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GN-7972។
ដោយសារតែករណីនេះ កើតឡើងនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទើបសមត្ថកិច្ចខេត្តតាកែវ ទំនាក់ទំនងមកខាង នគរបាលប៉ុស្តិ៍កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងផ្ទាល់ដោយលោកភា ប្រុស នាយប៉ុស្តិ៍ បានចុះទៅនាំខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង វិលត្រឡប់មកប៉ុស្តិ៍កាកាប២ ខណ្ឌពោធិ៍សែនជ័យ វិញដើម្បីបន្តនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ប្រគល់ជូនទៅម្ចាស់ដើមវិញរួចរាល់ផងដែរ៕