Monday, July 7, 2025
Homeព័ត៌មានជាតិអ្នកណាមិនភ័យ!!! ឃើញតែដងខ្លួន មិនដឹងក្បាលទៅណា

អ្នកណាមិនភ័យ!!! ឃើញតែដងខ្លួន មិនដឹងក្បាលទៅណា

ភ្នំពេញ ៖ យុវជនជាកម្មករចាំដីម្នាក់ បានចូលទៅឆ្ការព្រៃក្នុងដីឡូតិ៍បំណងដាំចេក រួចក៏ធុំក្លិនស្អុយយ៉ាងចម្លែក ទើបដើរតាមរកមើល ស្រាប់តែប្រទះឃើញ សាកសពដាច់ក្បាលនៅក្នុងគុម្ពោតព្រៃ ធ្វើឱ្យយុវជនរូបនោះភ័យលស់ព្រលឹង រត់ទៅស្រែកឆោឡោប្រាប់អ្នកភូមិ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ជាបន្ទាន់ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវែលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍ព្រៃត្រែង១កន្លែង ស្ថិតក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

តាមសម្តីយុវជនឈ្មោះជន ភារក្ស អាយុ២៥ឆ្នាំ មុខរបរកម្មករចាំដី ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ បានរៀបរាប់ប្រាប់ទាំង អារម្មណ៍មិនទាន់បាត់ភ័យនៅឡើយថា នៅមុនកើតហេតុ រូបគេបានចូលឆ្ការព្រៃត្រែង ដើម្បីយកដីដាំដើមចេក រហូតដល់ផុតចុងដីដែលមានរបងថ្ម កម្ពស់ជាង៣ម៉ែត្រ។ លុះពេលកំពុងកាប់ឆ្ការ ស្រាប់តែបានធុំក្លិនស្អុយចម្លែក ទើបនឹកឆ្ងល់ក៏ដើររកមើល ស្រាប់តែប្រទះឃើញសពមានខ្លួន តែអត់ក្បាល នៅក្នុងគុម្ពោតព្រៃ ធ្វើឱ្យរូបគេភ័យ ដល់ព្រលឹងចេញស៊ីព្រលិត រត់ទៅស្រែកប្រាប់ម្ចាស់ដី ឱ្យទាក់ទងប្រាប់សមត្ថកិច្ចចុះមកពិនិត្យ ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចការិយាល័យបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ និងមានអមលោកគ្រូពេទ្យអមសាលា ដំបូងរាជធានីភ្នំពេញ ចុះមកពិនិត្យផ្ទាល់ រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារឧបករណ៍សម្រាប់ឆក់ត្រីឆក់ស្លាប់ ចំណែកសពដាច់ក្បាល គឺបណ្តាលមកពី ពេលសពស្អុយរលួយ មានសត្វស៊ី។

ក្រោយមក ក៏មានស្ត្រីម្នាក់ឈ្មោះ អ៊ុ រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានមកពិនិត្យភិនភាគសព រួចអះអាងថា សាកសពនេះ គឺជាប្អូនប្រុសរបស់គាត់ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ មកម៉្លេះ។

ស្ត្រីខាងលើ បានអះអាងថា សាកសព មានឈ្មោះអ៊ុ រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ (ផ្ទះនៅឃ្លាតពីទីតាំងកើតហេតុ ប្រមាណជាង២០០ម៉ែត្រ) ហើយប្អូនប្រុសគាត់រូបនេះ បានបាត់ខ្លួនតាំងពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ មកម៉្លេះ ហើយទោះជាក្រុមគ្រួសារដើរតាមស្វែងរកយ៉ាងណាក៏មិនឃើញសោះ។ លុះមកដល់ថ្ងៃកើតហេតុ មានការផ្អើលឆោ ឡោ ថាប្រទះឃើញសាកសព គាត់ក៏មកពិនិត្យទើបដឹងថា ពិតជាប្អូនប្រុសរបស់គាត់ប្រាកដមែន ដោយសំអាងលើការចំណាំសម្លៀកបំពាក់របស់ សពបាន ទោះជាសពដាច់ក្បាលក៏គាត់អាចមើលស្គាល់ដែរ។

សាកសពដាច់ក្បាលខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយមិនបានប្តឹងផ្តល់អ្វីទាំងអស់ ព្រោះទទួលស្គាល់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់មែន៕

RELATED ARTICLES