ខេត្តមណ្ឌលគិរី ៖ យុវជនម្នាក់ មានឈ្មោះថាប ងំ អាយុ២៥ឆ្នាំ ជាជនជាតិព្នង បានជិះម៉ូតូដឹកឈើប្រណីតធំៗចំនួន៣ដុំ ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចផ្លូវចុះចំណោត ស្រាប់តែម៉ូតូបានរេចង្កូតដួល បណ្តាលឱ្យឈើសង្កត់ពីលើយុវជនជាអ្នកបើកម៉ូតូ ស្លាប់យ៉ាងវេទនាបំផុត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នៅ នៅត្រង់ចំណុចភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានចុះធ្វើការពិនិត្យ ដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា ករណីនេះ ជនរងគ្រោះពិតជាបានស្លាប់ដោយសារដឹកឈើហើយម៉ូតូដួលសង្កត់លើមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕