ខេត្តពោធិ៍សាត់ ៖ អំពើហិង្សាមួយ បានកើតឡើងដោយសារយុវជនទំនើង១ក្រុម បានចូលរាំធុងបាស់លេងនៅក្នុងពិធីមង្គលការកូនអ្នកភូមិ រួចក៏ប៉ះពារ ជាន់ជើងគ្នាបន្តិចបន្តួច ស្រាប់តែបង្កជម្លោះតឹងសរសៃក រហូតឈានដល់ចងគំនុំ ពួនស្ទាក់វាយទៅលើគូទំនាស់បណ្តាលឱ្យបែកមុខ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិបឹងឈូក ឃុំបឹងបត់កណ្តោល ស្រុកបាកាន។
យុវជនរងគ្រោះ ដែលត្រូវគូទំនាស់ស្ទាក់វាយ បណ្តាលឱ្យបែកមុខ មានឈ្មោះសំ វាសនា អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទួលធ្មារ ឃុំបឹងបត់កណ្តោល ស្រុកបាកាន។ ចំណែកជនសង្ស័យ មានឈ្មោះរ៉េត អ៊ូ អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឃុំជាមួយគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនជនដៃដល់ឈ្មោះរ៉េត អ៊ូ នាំយកមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តាល ដើម្បីសួរនាំនិងបន្តនីតិវិធី៕