ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ បានជិះម៉ូតូដឹកគ្នាឆ្លងកាត់គោលដៅត្រួតពិនិត្យ ការអនុវត្តន៍ច្បាប់ចរាចរណ៍ ក៏ត្រូវសមត្ថកិច្ចសង្ស័យ ឃាត់ត្រួតពិនិត្យមើល ក៏ប្រទះឃើញមានឧបករណ៍ប្រើប្រាស់ថ្នាំញៀន១ឈុត រួមនឹងលុយដុល្លារក្លែងក្លាយមួយចំនួន ទើបសមត្ថកិច្ចសម្រេចចាប់ ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់ បង្កឱ្យមានការផ្អើលឡើង កាលពីវេលាម៉ោង៩ និង៥៥នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅតាមផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ភាគីខាងប្រុស មានឈ្មោះវ៉ាន់ រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភាគីខាងស្រី មានឈ្មោះសេង ស្រីស្រស់ ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកណ្តាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យ ការអនុវត្តន៍ច្បាប់ចរាចរណ៍ នៅទីតាំងកើតហេតុខាងលើ លុះមកដល់វេលាម៉ោងកើតហេតុ ក៏ប្រទះឃើញយុវវ័យជាគូស្នេហ៍ខាងលើជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1A-6124 ជិះដឹកគ្នាឆ្លងកាត់ ឃើញគួរឱ្យសង្ស័យ ក៏ឃាត់ឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ។ លុះពេលឆែកឆេរ ក៏ស្រាប់តែប្រទះឃើញមានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយឈុត និងលុយដុល្លារសែនខ្មោចមួយចំនួន ដែលលាក់ទុកក្នុងប្រអប់ទូរស័ព្ទ ទើបចាប់ឃាត់ខ្លួននាំយកទៅសាកសួរតែម្តង។
ប្រភពដដែលបន្តថា សម្ភារដែលសមត្ថកិច្ចដកហូត រួមមាន សម្ភារប្រើប្រាស់ថ្នាំញៀន លុយដុល្លារក្លែងក្លាយ និងម៉ូតូ១គ្រឿង។
ក្រោយពីឃាត់ខ្លួនបានជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី៕