ខេត្តត្បូងឃ្ម្មុំ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលក្រុមគ្រួសារមួយ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ធ្វើការចោទប្រកាន់ និងលាបពណ៌ទាំងបំពាន ថាបានរំលោភដីធ្លីរបស់អ្នកជិតខាង ដែលមានទំហំត្រឹមតែជាង២ម៉ែត្រប៉ុណ្ណោះ ទាំងដែលខ្លួនមានលុយកាក់ ទ្រព្យសម្បត្តិស្តុកស្តម្ភចាយវាយមិនអស់ទៅហើយ និងបានធ្វើការបង្ហោះចែករំលែកពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក រហូតដល់ភាគីប្តីប្រពន្ធដែលទទួលរងការលាបពណ៌ខាងលើ កើតទុក្ខមិនសុខចិត្ត ចេញមុខបំភ្លឺ ថាការចោទប្រកាន់ទាំងនោះ គឺផ្ទុយពីការពិតទាំងស្រុង មិនខុសពីរឿងចោរ ស្រែកចាប់ចោរនោះទេ។
ភាគីប្តីប្រពន្ធដែលទទួលរងការចោទប្រកាន់ និងលាបពណ៌ទាំងបំពានក្នុងបណ្តាញសង្គមហ្វេសប៊ុក រួមមាន បុរសជាប្តី មានឈ្មោះសៀន សាវ៉ាន់ អាយុ៥១ឆ្នាំ មុខរបរអ្នកជំនួញ ចំណែកស្ត្រីជាប្រពន្ធឈ្មោះជួង ណារុន អាយុ៣៨ឆ្នាំ មុខរបរអ្នកជំនួញ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកភាគីទំនាស់រឿងដីធ្លី មានឈ្មោះអាត សាដា អាយុ៤០ឆ្នាំ និងប្តីឈ្មោះ ហែម ប៊ុននី អាយុ៥៥ឆ្នាំ មានលំនៅ ក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ ដោយឡែក ដីទំនាស់មានទីតាំងស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។
តាមសម្តីអ្នកស្រី ជួង ណារុន បានរៀបរាប់ប្រាប់ថា ដីរបស់គាត់ដែលជាប់ក្នុងទំនាស់រ៉ាំរ៉ៃរាប់ឆ្នាំមកហើយនោះ គឺមានទំហំសរុប៣៣៦,៣៧ម៉ែត្រការ៉េ (ក្បាលទំហំ៣៤,៥០ម៉ែត្រ បណ្តោយខាងជើងមានទំហំ១៩,៥០ម៉ែត្រ និងកន្ទុយដីមានទំហំ៣៣ម៉ែត្រ)។ ប៉ុន្តែដីដែលកំពុងស្ថិតក្នុងទំនាស់ដ៏ចម្រូងចម្រាស់នោះ មានទំហំត្រឹមតែ២,៥០ម៉ែត្រ គុណនឹង១៩,៥០ម៉ែត្រប៉ុណ្ណោះ ដែលស្ថិតជាប់ព្រំប្រទល់ជាមួយដីរបស់ឈ្មោះអាត សាដា និងប្តីឈ្មោះហែម ប៊ុននី។
អ្នកស្រី ជួង ណារុន បានបន្តថា តាមពិតដីរបស់គាត់នេះ គឺបានទិញពីឈ្មោះឡុង វិផា និងប្រពន្ធឈ្មោះស៊ុយ សំអាត តាំងពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៦មកម៉្លេះ។ ក្រោយមកដីរបស់គាត់នេះ ត្រូវបានឈ្មោះអាត សាដា និងប្តី ដែលមានព្រំប្រទល់ដីជាប់គ្នា បានរំលោភយកអស់ ក្បាលដីទំហ២,៥០ម៉ែត្រ និងបណ្តោយប្រវែង១៩,៥០ម៉ែត្រ ដែលបច្ចុប្បន្នកំពុងមានចំណែកនៃសំណង់ផ្ទះរបស់ភាគីអាត សាដា សាងសង់ពីលើ។ ដោយសារតែបែបនេះហើយ ទើបគាត់បានសម្រេចដាក់ពាក្យបណ្តឹងចូលសាលាដំបូងខេត្តកំពង់ចាម ក្នុងបំណងចង់បានតែចំណែកដីពិតប្រាកដរបស់គាត់មកគ្រប់គ្រងវិញតែប៉ុណ្ណោះ ទីបំផុត សាលាដំបូង ក៏ចេញសាលក្រមសម្រេចឱ្យភាគីរបស់គាត់ជាអ្នកឈ្នះក្តី ពោលគឺតម្រូវឱ្យភាគីឈ្មោះអាត សាដា ប្រគល់ដីដែលគាត់បានកាន់កាប់លើស មកឱ្យគាត់ជាម្ចាស់ដើមពិតប្រាកដវិញ ប៉ុន្តែត្រូវភាគីអាត សាដា មិនយល់ព្រម ក៏ដាក់ពាក្យប្តឹងទាស់ឡើងទៅសាលាឧទ្ធរណ៍បន្តទៀត។ បន្ទាប់មក គាត់ក៏បានបន្តរឿងក្តីនេះនៅសាលាឧទ្ធរណ៍ រហូតត្រូវសាលាឧទ្ធរណ៍សម្រេចចេញសាលដីការក្សាសាលក្រមសាលាដំបូងចាត់ទុកជាបានការទៀត ពោលគឺសម្រេចឱ្យភាគីគាត់ជាអ្នកឈ្នះក្តីដដែល។ ប៉ុន្តែដោយសារមិនទាន់អស់ចិត្ត ទើបភាគីឈ្មោះអាត សាដា បានប្តឹងសារទុក្ខឡើងទៅតុលាការកំពូលបន្តទៀត និងថែមទាំងរត់រកអន្តរាគម៍ខ្វែងខ្វាត់ថែមទៀត និងត្រូវបានតុលាការកំពូល រុញសំណុំរឿងមកឱ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញ ពោលគឺសំណុំរឿងវិវាទដីធ្លីមួយនេះ នៅមិនទាន់បញ្ចប់ដាច់ស្រេចជាស្ថាពរនៅឡើយ។

អ្នកស្រីជួង ណារុន បានឱ្យដឹងទៀតថា នៅក្នុងដំណើររឿងប្តឹងផ្តល់ខាងលើនេះ តាំងពីសាលាដំបូងរហូតដល់តុលាការកំពូល គឺគាត់ពឹងផ្អែកលើផ្លូវច្បាប់ទាំងស្រុង ដោយមិនរត់រកអន្តរាគមន៍ ឬធ្វើអ្វីដែលបំពានច្បាប់ ឬអាងខ្នងអាងខ្សែអ្វីទាំងអស់។ ស្រាប់តែភាគីខាងឈ្មោះអាត សាដា បានធ្វើការចោទប្រកាន់មកលើគាត់តាមគ្រប់រូបភាព ថាបានប្រើអំណាច លុយកាក់ រំលោភបំពានដីធ្លីអ្នកក្រីក្រទៅវិញ។ ជាក់ស្តែងថ្មីៗនេះ ខណៈដែលសំណុំរឿងវិវាទដីធ្លីរបស់គាត់ខាងលើនេះ កំពុងស្ថិតក្នុងដៃតុលាការ កំពុងពិនិត្យស្រាវជ្រាវ មិនទាន់សម្រេចថាយ៉ាងណានៅឡើយ ក៏ស្រាប់តែម្ចាស់គណនីហ្វេសប៊ុកម្នាក់ ឈ្មោះអាត សានូ ដែលជាមន្ត្រីនគរបាលស្រុកត្បូងឃ្មុំ និងត្រូវជាប្អូនប្រុសបង្កើតរបស់ភាគីឈ្មោះអាត សាដា បានបង្ហោះចែកចាយរូបភាពរបស់ពួកគាត់ទាំងគ្រួសារ ព្រមទាំងបានចោទប្រកាន់ថា ប្តីប្រពន្ធពួកគាត់គឺជាចោរលួចក្លែងឯកសារសាធារណៈ កែពង្រីកទំហំដី និងប្តឹងទាមទារដីពីប្រជាជនស្លូតត្រង់ ដោយសារចង់បានដី២ម៉ែត្រកន្លះ និងទាមទារវាយកំទេចផ្ទះបុគ្គលស្លូតត្រង់ ដោយអាងអំណាចទឹកប្រាក់ ប្តឹងរករឿងមិនឈប់ ទាំងដែលការចោទប្រកាន់នេះ គឺផ្ទុយពីការពិតទាំងស្រុង ព្រោះតាមការពិត ភាគីអាត សាដា ទៅវិញទេ ដែលបានរំលោភបំពានលើដីរបស់គាត់។
អ្នកស្រី ជួង ណារុន បានលើកឡើងថា “អ្នកមកចោទថាខ្ញុំ គឺជាចោរលួចដី តែអ្នកទៅវិញទេ ដែលជាចោរពិតប្រាកដនោះ ព្រោះអ្នកឯងកំពុងកាន់កាប់ដី លើសចំនួនដែលខ្លួនត្រូវកាន់កាប់នៅក្នុងឯកសារផ្លូវច្បាប់ ខ្លួនជាអ្នកលួចដីគេ បែរជាចោទថាគេជាចោរទៅវិញ មិនខុសពីចោរ ស្រែកចាប់ចោរនោះទេ…”។

អ្នកស្រីជួង ណារុន បានបញ្ជាក់ថា ចំពោះវិវាទមួយនេះ ភាគីគាត់ គឺរង់ចាំការសម្រេចពីខាងតុលាការទាំងស្រុង ដោយគ្រាន់តែទទូចសុំឱ្យតុលាការសម្រេចដោយឆន្ទានុសិទ្ធិ និងឈរលើគោលការណ៍ស្មោះត្រង់ និងយុត្តិធម៌តែប៉ុណ្ណោះ។ ក្នុងករណីតុលាការតម្រូវឱ្យមានការចុះវាស់វែងទំហំដីជាក់ស្តែង គឺគាត់យល់ព្រមឱ្យចុះវាស់វែង ហើយទោះចេញសេចក្តីសម្រេចមកបែបណា គឺភាគីគាត់ទទួល និងគោរពតាមទាំងស្រុង។ ចំណែកភាគីម្ខាងទៀត ប្រសិនបើមានឯកសារគ្រប់គ្រាន់ ឬចង់បញ្ជាក់ថាដីនោះគឺជាដីរបស់ខ្លួន សូមយកមកបញ្ជាក់បង្ហាញតុលាការ ឬប្តឹងឡើង ទៅតុលាការទៅចុះ ពិសេសពេលខាងជំនាញចុះវាស់វែង ត្រូវតែហ៊ានឱ្យគេវាស់វែងកុំខ្លាច និងមិនត្រូវមកចោទថាគាត់គឺជាចោរបែបនេះទេ ព្រោះការចោទប្រកាន់បែបនេះ គឺគាត់អាចនឹងប្តឹងពីបទបរិហារកេរ្តិ៍បាន។
អ្នកស្រីជួង ណារុន បានលើកឡើងថា កន្លងមក ពេលដែលខាងជំនាញសុរិយោដីចុះធ្វើការវាស់វែងទំហំដីជាក់ស្តែង និងរកឃើញថា ដីរបស់ខ្លួន (អាត សាដា) កាន់កាប់លើសពីទំហំជាក់ស្តែងក្នុងឯកសារ ស្រាប់តែភាគីឈ្មោះអាត សាដា បែរជាចោទប្រកាន់មកលើគាត់ថា មន្ត្រីសុយោដីនោះ គឺសុទ្ធតែជាខ្សែរបស់គាត់។ ហេតុនេះគាត់ចង់បញ្ជាក់ទៅវិញថា បើចង់ធ្វើការវាស់វែងដីម្តងទៀត គាត់បើកផ្លូវឱ្យភាគីអាត សាដា ជាអ្នករកមន្ត្រីជំនាញសុរិយោដី ពីខាងណាក៏បានដែរ ដែលខ្លួនគិតថា ជាមន្ត្រីជំនាញពិតប្រាកដ ត្រឹមត្រូវ អាចចុះវាស់វែងបាន គឺគាត់ស្វាគមន៍ជានិច្ច។
អ្នកស្រីជួង ណារុន បានបញ្ជាក់ថា អ្វីដែលធ្វើឱ្យគាត់នឹកឆ្ងល់ផង និងកើតទុក្ខមិនសុខចិត្តផងនោះ គឺម្ចាស់ហ្វេសប៊ុកឈ្មោះអាត សានូ ដែលបានចោទប្រកាន់គាត់ទាំងបំពាន ថាគាត់ជាចោរលួចដីគេ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងអាជីវកម្មរបស់ក្រុមគ្រួសារគាត់យ៉ាងខ្លាំង ពិសេសក៏ប៉ះពាល់ដល់ផ្លូវច្បាប់ផងដែរ ព្រោះករណីនេះកំពុងស្ថិតក្នុងរង្វង់ដែនសមត្ថកិច្ចរបស់តុលាការការនៅឡើយ ហេតុអ្វីបានជាឈ្មោះអាត សានូ ហ៊ានមកចោទប្រកាន់ថាគាត់ គឺជាអ្នករំលោភបំពាន ទាំងដែលខ្លួនគឺជាមន្ត្រីនគរបាល ជាអ្នកដែលគួររកយុត្តិធម៌ដល់ប្រជាពលរដ្ឋ បែរជាតាំងខ្លួនជាតុលាការ ចោទប្រកាន់គេឯងដោយគ្មានការពិត គ្មានភ័ស្តុតាង និងក្នុងចេតនាជាន់ពន្លិត បង្ខូចកិត្តិយសរបស់គេទៅវិញ។ ក្នុងករណីគណនីហ្វេសប៊ុក អាត សានូ នេះ គាត់សុំឱ្យបញ្ឈប់ជាបន្ទាន់នូវការបង្ហោះរូបភាព និងពាក្យពេចន៍វាយប្រហារលាបពណ៌មកលើក្រុម គ្រួសាររបស់គាត់ ទាំងងងឹតងងុល ហើយប្រសិនបើនៅតែរឹងរូសបន្តសកម្មភាពបែបនេះទៀត ក្រុមគ្រួសាររបស់គាត់នឹងសម្រេចចាត់ការតាមផ្លូវច្បាប់មិនខាន ចំណែកគណនីហ្វេសប៊ុកផ្សេងទៀត ដែលមានចេតនាចែកចាយបន្តទាំងបំពាន ក៏នឹងប្រឈមដូចគ្នា។
អ្នកស្រីជួង ណារុន បានអះអាងថា “ខ្ញុំគឺជាមនុស្សដែលចូលចិត្តធ្វើបុណ្យធ្វើទាន តើហេតុផលអ្វីដែលខ្ញុំត្រូវទៅចង់បានដីប៉ុណ្ណឹង ប៉ុន្តែខ្ញុំគ្រាន់តែចង់បានដីដែលជាកម្មសិទ្ធិពិតរបស់ខ្ញុំ និងចង់បាននូវយុត្តិធម៌ពិតមួយតែប៉ុណ្ណោះ បើខ្ញុំជាចោរ គួរណាស់រំលោភបំពាន ប្លន់ដីធ្លីរាប់សិបហិកតារ តើចោរឯណា មកប្លន់ដីតែជាង២ម៉ែត្រហ្នឹង ផ្ទុយទៅវិញ ចោរខ្លួនឯងទេ ដែលមកស្រែកថាចោរ ដើម្បីលាងខ្លួននោះ…”។

ជាចុងក្រោយ អ្នកស្រី ជួង ណារុន បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ អ្នកសារព័ត៌មានគ្រប់ស្ថាប័ន ឬមន្ត្រីពាក់ព័ន្ធ ដែលចង់ដឹងការពិត ចង់ដឹងច្បាស់ពីករណីនេះ អាចទំនាក់ទំនងមកអ្នកស្រីផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០៩២ ២៨៧ ៩៦៧ អ្នកស្រីនឹងបំភ្លឺជូនគ្រប់បែបយ៉ាង។ ជាមួយនេះ អ្នកស្រីក៏ស្នើទៅដល់គ្រប់គណនីហ្វេសប៊ុកនានា ដែលបានបង្ហោះចែកចាយពីរឿងរ៉ាវមិនពិតពាក់ព័ន្ធនឹងវិវាទដីធ្លីមួយនេះ សូមបញ្ឈប់ការចែកចាយបន្តទៀត ព្រោះវាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ និងការរកស៊ីរបស់គាត់យ៉ាងខ្លាំង។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីវិវាទឈ្មោះអាត សាដា និងប្តីឈ្មោះហែម ប៊ុននី ព្រមទាំង មន្ត្រីនគរបាលឈ្មោះអាត សានូ ដែលត្រូវជាប្អូនប្រុសបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕