Monday, July 7, 2025
Homeព័ត៌មានជាតិសូមចូលរួមរំលែកទុក្ខផង!!! ៤នាក់ឯណោះ ធ្លាក់ក្នុងជ្រោះស្លាប់

សូមចូលរួមរំលែកទុក្ខផង!!! ៤នាក់ឯណោះ ធ្លាក់ក្នុងជ្រោះស្លាប់

ខេត្តកោះកុង ៖ រថយន្តក្រុមតន្ត្រី១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-1015 ជារថយន្តរបស់ក្រុមតន្ត្រីស្រីពៅ ដឹកអ្នកចម្រៀង និងអ្នកភ្លេង រួមនឹងឧបករណ៍ភ្លេងពេញប្រៀបរថយន្ត ធ្វើដំណើរសំដៅទៅសម្តែងនៅក្នុងកម្មវិធីមួយឯខេត្តកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨ លុះមិនទាន់ដល់គោលដៅផង ក៏ជួបគ្រោះអកុសល រេចង្កូតក្រឡាប់ដោយខ្លួនឯង នៅត្រង់ចំណុចអន្ទង់អាំង បណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤នាក់ និងរងរបួសធ្ងន់៥នាក់ ចំណែក៦នាក់ទៀត រងរបួសស្រាល ហេតុការណ៍រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែតលេខ៦១-៦២ ចំណុចអន្ទង់អាំង ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ។

ប្រភពបានឱ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានបណ្តាលឱ្យមនុស្សចំនួន៤នាក់ (ប្រុស២ ស្រី២) បានស្លាប់នៅនឹងកន្លែង និងរងរបួសធ្ងន់ចំនួន៥នាក់ (ប្រុស២ ស្រី៣) ចំណែក៦នាក់ផ្សេងទៀត (ប្រុស៥ ស្រី១) ទទួលរងរបួសស្រាល។ ដោយឡែក ឧបករណ៍តន្ត្រី រួមនឹងរថយន្ត ទទួលរងការខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានចាត់បញ្ជូនអ្នករងរបួសធ្ងន់ស្រាល ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។

ដោយឡែក សាកសពជនរងគ្រោះទាំង៤នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ និងត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ស្វែងរកសាច់ញាតិ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES