ខេត្តកណ្តាល ៖ ករណីលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មមួយ ដោយបុរសម្នាក់បាននាំកូនស្រីរបស់ខ្លួនទៅរាយមងរកត្រី មកធ្វើម្ហូបខ្លះ លក់ខ្លះគ្រាន់បានប្រាក់កម្រៃដោះស្រាយជីវភាព ដែលកំពុងខ្វះខាត ស្រាប់តែអកុសល ពេលដើររាយមងនៅក្នុងទឹករណ្តៅអាអិច ស្រាប់តែកូនស្រី បានរអិលជើងធ្លាក់ចូលទឹកជ្រៅ បណ្តាលឱ្យលង់ លុះបុរសជាឪពុកប្រទះឃើញបែបនេះ ក៏ស្ទុះលោតចូលទឹក បំណងទៅជួយកូនស្រីភ្លាមៗដែរ តែអកុសល បែរជាលង់ស្លាប់ទាំង២នាក់ឪពុកកូន គួរឱ្យសង្វេគ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០ នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទំនប់ត្រស់ ក្នុងរណ្តៅអាអិច ស្ថិតក្នុងភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ។
បុរសជាឪពុក មានឈ្មោះលន់ លីហេង អាយុ៣៧ឆ្នាំ មុខរបរកសិករ។ ចំណែកកូនស្រី មានឈ្មោះហេង លីហ៊ន់ អាយុ៨ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ឪពុកនិងកូនស្រី ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕