ខេត្តកណ្តាល ៖ យុវជនល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់គេ តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០ មកម៉្លេះ ពោលគឺខ្លួននៅវ័យជំទង់ អាយុទើប១៣ឆ្នាំម៉្លេះ នៅចំណុចភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ រួចក៏ព្យាយាមរត់គេចខ្លួនអស់រយៈពេល៨ឆ្នាំ នឹកស្មានថារួចខ្លួន ក៏លបវិលត្រឡប់ចូលស្រុកវិញ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយក ទៅចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ។
ជនសង្ស័យ មានឈ្មោះពិន ប៊ុនថា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ។
គួររំលឹកថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពរំលោភកូនស្រីគេ នៅចំណុចភូមិឃុំកើតហេតុខាងលើ តាំងពីខ្លួន (ជនសង្ស័យ) ទើបនឹងមានវ័យ១៣ឆ្នាំមកម៉្លេះ រួចក៏បានរត់គេចខ្លួនចេញពីមូលដ្ឋានរស់នៅ រហូតមកដល់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ គ្រាដែលជនសង្ស័យ ឈានចូលអាយុ២១ឆ្នាំ (វ័យកំលោះ) ទើបលបលួចវិលត្រឡប់មកផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនជាប់តែម្តង។
បច្ចុប្បន្នជនត្រូវចោទខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បី បន្តចាត់ការតាមនីតិវិធី៕