ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ មានឈ្មោះសេង វិច្ឆ័យ បានធ្វើសកម្មភាពឡើងតាមដំបូលសណ្ឋាគារ ប៉ងចូលធ្វើសកម្មភាពលួចយកប្រាក់ នៅក្នុងធនាគារ ABA គាប់ជួនត្រូវបុគ្គលិកសណ្ឋាគារឃើញទាន់ ក៏ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចចម្រុះ ប្រមាណជិត៣០នាក់មកឡោមព័ទ្ធជុំជិតធនាគារ និងធ្វើការឆែកឆេរឈានដល់ការឃាត់ខ្លួនបានភ្លាមៗ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង តាមបណ្តោយវិថីឯករាជ្យត្រង់ចំណុចផ្លូវបំបែកជា៤ ស្លាកសញ្ញាភ្លើងបញ្ជាចរាចរណ៍ទល់មុខស្ថានីយ៍ប្រេងសូគីម៉ិច និងស្ថានីយ៍ប្រេងតូតាល់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
សមត្ថកិច្ចចម្រុះបានបញ្ជាក់ឱ្យដឹងទៀតថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យថ្លើមធំហ៊ានប៉ងចូលលួចយកប្រាក់ពីធនាគារ សមត្ថកិច្ចចម្រុះក៏បានធ្វើការឃាត់ខ្លួនបុរសម្នាក់ និងស្ត្រីម្នាក់មកស្នាក់នៅផ្ទះសំណាក់ ចំប៉ីផ្សារលើ ជាប់នឹងធនាគារខាងលើ ដែលជាមុខសញ្ញាសេព និងលក់ចែកចាយគ្រឿងញៀន រួមមាន ១-ឈ្មោះលន់ ផាន់នី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តអាងយ៉ាង ប្រទេសវៀតណាម និង២-ឈ្មោះលី ធីទៀង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតជាមួយគ្នាបុរសខាងលើ។ ទាំង២នាក់ខាងលើជាមុខសញ្ញាជាប់ចោទពីបទសេព និងលក់ចែកចាយគ្រឿងញៀនដែលសមត្ថកិច្ចកំពុងតែតាមប្រមាញ់។
ក្រោយពីសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ ក៏បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី៕