ខេត្តកណ្តាល ៖ ហេតុការណ៍អំពើហិង្សាដោយចេតនាមួយ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ដោយសារបុរសម្នាក់នៅសុខៗ ជិះម៉ូតូកាន់កាំបិតផ្គាក់ទៅកាប់ខ្ទមអ្នកតា និងរូបសំណាកអ្នកតាក្នុងភូមិធ្វើឱ្យរងការខូចខាត លុះមិនទាន់អស់ចិត្ត ក៏ជិះម៉ូតូបន្តទៅហាងកាហ្វេក្នុងភូមិអុកឡុកដេញកាប់អ្នកភូមិម្នាក់រយះដៃ លុះសមត្ថកិច្ចចុះអន្តរាគមន៍ ក៏ដេញកាប់ទាំងសមត្ថកិច្ចទៀត រហូតពលរដ្ឋព័ទ្ធចាប់បានបញ្ចេញកំហឹងម្នាក់១ដៃ១ជើង បែកក្បាល រួចប្រគល់ឱ្យសមត្ថកិច្ចវាយខ្នោះនាំយកទៅចាត់ការតាមច្បាប់ នៅចំណុច ភូមិពុកឬស្សីលើ ស្រុកខ្សាច់កណ្តាល។
ជនបង្កហេតុដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះស៊ឺន គឹមហុង អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ (របួសក្បាល១កន្លែង)។ ចំណែកជនរងគ្រោះ មានឈ្មោះហម ពក ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល (រយះកំភួនដៃខាងឆ្វេង១កន្លែង ដេរ៧ថ្នេរ)។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ជនបង្កឈ្មោះស៊ឺន គឹមហុង បានជិះម៉ូតូធំម៉ាក Yamaha ពណ៌ខៀវ ក្នុងដៃមានកាន់កាំបិតផ្គាក់១ដើម ជិះចេញពីទិសខាងត្បូងទៅទិសខាងជើង ឆ្ពោះទៅអាស្រមរបស់លោកតាទិត្យ (ខ្ទមអ្នកតាក្នុងភូមិ) នៅមុខវត្តឥន្ទលីបូណ៌ ហើយធ្វើការអុកឡុកកាប់រូបសំណាកលោកតាទិត្យ បណ្តាលឱ្យរងការខូចខាត។ ដោយសារតែមិនទាន់អស់ចិត្ត ជនបង្កឈ្មោះស៊ឺន គឹមហុង បានជិះម៉ូតូទៅដល់ហាងកាហ្វេរបស់ឈ្មោះផែន ដារ៉ា ហៅផាន់ នៅភូមិពុកឬស្សីលើ ឃុំពុកឬស្សី រួចក៏ឈប់ម៉ូតូអុកឡុកក្នុងហាងកាហ្វេ និងយកកាំបិតផ្គាក់ដេញកាប់ឈ្មោះផែន ដារ៉ា ពេលនោះឈ្មោះផែន ដារ៉ា បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឬស្សី។
ប្រភពខាងលើ បញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងនគរបាលប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ ស្របពេលនោះ ឈ្មោះហម ពក ក៏បានទៅដល់កន្លែងកើតហេតុដែរ ហើយបានចូលទៅជួយឃាត់ និងដណ្តើមកាំបិតផ្គាក់ពីឈ្មោះស៊ឺន គឹមហុង ស្រាប់តែឈ្មោះស៊ឺន គឹមហុង ស្ទុះមកកាប់ឈ្មោះ ហម ពក មួយកាំបិតត្រូវចំកំភួនដៃខាងឆ្វេង បណ្តាលឱ្យមានរបួសស្នាម។
ភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍រួមជាមួយប្រជាពលរដ្ឋ បានចូលចាប់ឃាត់ឈ្មោះស៊ឺន គឹមហុង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕