ខេត្តកំពង់ស្ពឺ ៖ ករណីអំពើហិង្សាក្នុងគ្រួសារមួយ បានកើតឡើង ដោយបុរសម្នាក់ត្រូវក្រុមគ្រួសារអះអាងថា ជាមនុស្សបែកថ្នាំ បានធ្វើសកម្មភាពអុកឡុកពេញផ្ទះ និងថែមទាំងប៉ុនប៉ងដុតផ្ទះ ចោលទៀតផង លុះប្អូនប្រុសចូលទៅឃាត់ ស្រាប់តែផ្ទុះកំហឹងវ៉ៃប្អូនប្រុសឱ្យរបួស បន្ទាប់មកទាញពូថៅដេញកាប់បងស្រី ព្រមទាំងគំរាមសម្លាប់ អ្នកផ្ទះផ្តាច់ពូជចោលទៀតផង រហូតដល់ក្រុមគ្រួសារទ្រាំលែងបាន រាយការណ៍ប្រាប់សមត្ថកិច្ចចុះចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន។
ជនសង្ស័យមានឈ្មោះសុខ ផល្លី អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សញៀនថ្នាំ។ ចំណែកជនរងគ្រោះមានឈ្មោះសុខ លាប អាយុ២៨ឆ្នាំ។ រីឯបងស្រីដែលជនដៃដល់ទាញពូថៅដេញកាប់ មានឈ្មោះសុខ សុផល។ អ្នកទាំង៣ ត្រូវជាបងប្អូនបង្កើតនឹងគ្នា និងស្នាក់នៅផ្ទះ កើតហេតុខាងលើជាមួយគ្នា។
ដោយសារតែទ្រាំនឹងទង្វើកោងកាចរបស់ជនសង្ស័យរូបនេះតទៅទៀតលែងបាន ទើបក្រុមគ្រួសារសម្រេចប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ចាប់ខ្លួនជនកំណាចខាងលើ យកទៅសួរនាំ និងចាត់ការតាមច្បាប់តែម្តង៕