ភ្នំពេញ ៖ បុរសម្នាក់មានឈ្មោះហ៊ីង វណ្ណដេត អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ កំពុងដេកលើគ្រែសុខៗ ក៏គ្រវាសដៃទៅប៉ះនឹងមុខតំណកង្ហាលើក្បាលដំណេក បណ្តាលឱ្យឆ្លងចរន្តឆក់ប្រកាច់ធ្លាក់ ពីលើគ្រែ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិ សាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដេកសម្រាកនៅលើគ្រែ ក្នុងផ្ទះដូចសព្វដង ដោយមានដាក់កង្ហាលើគ្រែក្បែរខ្លួនផង។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងដេកលក់ ស្រាប់តែមិនបានប្រុងប្រយ័ត្ន ក៏ដាក់ដៃប៉ះចំមុខតំណខ្សែកង្ហា បណ្តាលឱ្យឆ្លងចរន្តឆក់ ធ្វើឱ្យជនរងគ្រោះប្រកាច់ធ្លាក់ពីលើគ្រែ ហើយភ្លាមនោះ ស្ត្រីជាម្តាយឮសូរសំឡេង ក៏ស្ទុះចូលមកមើល ប្រទះឃើញកូនប្រុសកំពុងប្រកាច់ ក៏ទើបស្រែកហៅប្តីឱ្យមកជួយមើល តែមួយសន្ទុះក្រោយមក កូនប្រុសរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សពត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យកោសល្យវិច្ច័យ ហើយសពខាងលើពិតជាស្លាប់ ដោយសារឆក់ស្លាប់ប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕