ខេត្តកណ្តាល ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយ នៅពេលបុរសម្នាក់ឃើញប្រពន្ធកើតមានអាការមិនស្រួលខ្លួន ក៏ប្រញាប់ប្រញាល់ដឹកប្រពន្ធទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញ ដើម្បីឱ្យគ្រូពេទ្យជួយពិនិត្យព្យាបាល ដោយចាក់សោផ្ទះចោល ស្រាប់តែអកុល ទំនងជាទុស្សេខ្សែភ្លើង ទើបកើតជាអគ្គិភ័យឆាបឆេះផ្ទះគ្មានសល់ ធ្វើឱ្យប្តីប្រពន្ធជាម្ចាស់ផ្ទះត្រឡប់មកវិញ ឃើញផ្ទះរបស់ខ្លួនក្លាយជាគំនរផេះផង ក៏ឱបគ្នាទួញយំសោកបោកខ្លួន ព្រោះតែស្តាយស្រណោះទ្រព្យរបស់ ដែលជាកម្លាំងញើសឈាមខំសន្សំតាំងពីពេលកន្លងមក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង។
លំនៅដ្ឋានដែលទទួលរងការឆាបឆេះខាងលើនេះ មានទំហំ៤ម៉ែត្រ គុណនឹង ៨ម៉ែត្រ សង់ពីឈើប្រក់សង្ហ័សី ជាកម្មសិទ្ធិរបស់ឈ្មោះ សៀន សុខ ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ គ្រោះអគ្គិភ័យនេះ បានបង្កឱ្យមានការខូចខាត រួមមាន ផ្ទះ១ខ្នង ឆេះអស់ទាំងស្រុង, ទូទឹកកក ១គ្រឿង, ម៉ាស៊ីនបូម ទឹក២គ្រឿង, ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង, ទូរទស្សន៍ ១គ្រឿង, គ្រែ ចំនួន៤, រ៉ឺម៉កដែកសម្រាប់ដឹកចេក ១គ្រឿង, កង្ហា ២គ្រឿង, ទុយោបូមទឹក ៧០ម៉ែត្រ, ធុងបាស់១, ម៉ាញ៉េ១ និងតុ១ ព្រមទាំងលុយដុល្លារចំនួន៣០០ដុល្លារ និងសម្លៀកបំពាក់មួយចំនួនទៀត។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា បន្ទាប់ពីកើតមានហេតុការណ៍អគ្គិភ័យខាងលើនេះ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ហើយសមត្ថកិច្ចក៏ទាក់ទងសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យភ្លាមៗដែរ តែមិនអាចស្រោចស្រង់បានឡើយ ដោយសារតែភ្លើងបានឆេះពេញ បន្ទុកទៅហើយ។
យ៉ាងណា គ្រោះអគ្គិភ័យខាងលើ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើង និងមិនរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋក្បែរ ខាងនោះទេ៕