ភ្នំពេញ ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី បានអះអាងថា លោកបានទទួលដំណឹងពីពលរដ្ឋថា នៅកែបថ្មីខេត្តកំពត គឺកំពុងមានអ្នកចាក់ដីលុបសមុទ្រទៀតហើយ។ ដូច្នេះលោកនឹងចុះទៅស្រាវជ្រាវពីករណីជំងឺចាក់ដីលុបសមុទ្រ ដែលកំពុងរាលដាលពីខេត្តព្រះសីហនុ មកដល់ខេត្តកំពត នេះ នៅក្នុងពេលខាងមុខនេះ ដើម្បីធ្វើរបាយការណ៍ដាក់ទៅនាយករដ្ឋមន្ត្រី។

ខាងក្រោមនេះ ជាបទសម្ភាសន៍ផ្តាច់មុខ រវាង “នគរធំ” ជាមួយលោកពេជ្រ ស្រស់ ពាក់ព័ន្ធនឹងបញ្ហាការចាក់ដីលុបសមុទ្រនេះ ព្រមទាំងការបំផ្លាញធនធានដទៃទៀត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ៖
នគរធំ ៖ សូមជម្រាបសួរលោកពេជ្រ ស្រស់! តើលោកមានអ្វីបញ្ជាក់បន្ថែមពីព័ត៌មានថា ការចាក់ដីលុបសមុទ្រ បានរាលដាលដល់កែបថ្មី ខេត្តកំពត នោះ?
លោកពេជ្រ ស្រស់ ៖ ការពិតទៅ ការលុបឆ្នេរ ក្រោយពីខ្ញុំធ្វើការមួយរយៈមក ខ្ញុំមើលឃើញជាបន្តបន្ទាប់ មានការលុប។ លុបនោះទៀតសោត គឺសុទ្ធតែលុបនៃអធិបតេយ្យរបស់រដ្ឋតែម្តង។ ពួកឈ្មួញដែលសំអាងលើច្បាប់ ហើយអាជ្ញាធរបិទភ្នែកឱ្យលុប ដល់ពេលបែករឿង គឺគេយកច្បាប់មកនិយាយ។ អ៊ីចឹងដូចជាឆ្នេរព្រែកត្រែង សូម្បីតែខ្ញុំក៏យល់ច្រឡំដែរ។ ព្រែកត្រែង តំបន់ដែលគេឈូឆរហ្នឹង វាមិនមែនឆ្នេរទេ វាជាតំបន់ពយ មានន័យថា គេចាក់ដីហ្នឹងលុបតាំងពី១៥ទៅ២០ឆ្នាំមុនមកម៉្លេះ ហើយមានការផ្ទុះតាមហ្វេសប៊ុក ដែលមានបទបញ្ជារបស់នាយករដ្ឋមន្ត្រីហ្នឹង កាយឡើងវិញហ្នឹង គឺមិនមែនកាយពយហ្នឹងទេ គឺកាយដីក្រហមដែលក្រុមហ៊ុនហ្នឹងចាក់ខុសបច្ចេកទេស។ ហេតុអីបានខ្ញុំនិយាយដូច្នេះ? គឺខ្ញុំបានស្កែន មើលពីលើមេឃមក គេហៅថា Google map កាលណាដែលយើងយកតិចណូឡូជី មកធ្វើការជាមួយគ្នា យើងអាចដឹងពីសំណៅចាស់។ អ៊ីចឹង ខ្ញុំស្កេននៅឆ្នាំ១៩៩៦ ជំនាន់នោះ គឺឯកឧត្តមសាយ ហាក់ ជាអភិបាលក្រុងព្រះសីហនុ ដែលមើលឃើញថា តំបន់ដែលគេចាក់ ហើយឈូឆរតាមហ្វេសប៊ុកហ្នឹង គឺវាពយពេញទៅហើយ វាយូរឆ្នាំទៅហើយៗមួយទៀត អាកន្លែងពយហ្នឹង ដើមឡើយ គឺម្ចាស់កម្មសិទ្ធិ គឺឯកឧត្តមញឹក ប៊ុនឆៃ គាត់មានបង្ហាញប្លង់ឱ្យខ្ញុំមើលទៀត។ ក្រោយមក ឯកឧត្តមញឹក ប៊ុនឆៃ ត្រូវបានមន្ត្រីរាជការថា ដីហ្នឹងរបស់រដ្ឋៗសុំវិញ ឯកឧត្តមញឹក ប៊ុនឆៃ ក៏ឱ្យទៅរដ្ឋទៅ ហើយឥឡូវវាជារបស់អ្នកផ្សេងទៅវិញ។ ក៏ប៉ុន្តែដូចជាបឹងព្រែកទប់ ដូចជា ឆ្នេរនៅកំពត អីហ្នឹង អានេះ គឺការរំលោភបំពានសុទ្ធសាធតែម្តង ដែលខ្ញុំចុះទៅកំពត នៅដើមខែ ការចាក់នោះ គឺមានភាពពុករលួយជាប្រព័ន្ធពីថ្នាក់ឃុំ ដល់ថ្នាក់ស្រុកតែម្តង ថ្នាក់ខេត្តតែម្តង គេមិនដឹងឮទេ ហើយខ្ញុំក៏បានស្កេនពីលើមេឃមកដែរ ពីមុនមក គឺអត់មានគេចាក់ទេ ទើបនឹងចាក់នៅមុនបោះឆ្នោតនេះ។ តំបន់នោះ គេហៅកោះតូច ខេត្តកំពត ស្រុកទឹកឈូ។ ហ្នឹងគឺចាក់តែម្តង ហើយយើងកំពុងតែកសាងសំណុំរឿងហ្នឹងដាក់ទៅ ខុទ្ទកាល័យសម្តេចតេជោ ដើម្បីឱ្យលោកពិនិត្យមើល ដើម្បីស្នើឱ្យកាយចេញវិញ ហើយម្សិលមិញនេះទៀត ខ្ញុំឃើញពលរដ្ឋប្តឹងមកខ្ញុំ គឺនៅកែបថ្មី ខេត្តកំពត ដែរ កំពុងតែចាក់លុបសមុទ្រ ជាករណីផ្សេងទៀត។ ដូច្នេះសកម្មភាពចាក់លុបដែលដីរដ្ឋ ពោលគឺដូចជាឆ្នេរ ដូចជាប្រឡាយអី គឺមានពាសពេញប្រទេស ហើយថ្មីៗហ្នឹង លោកនាយករដ្ឋមន្ត្រី បានប្រកាសដាច់ណាត់ទៀតថា ប្រឆាំងការចាក់លុបដោយខុសច្បាប់ ដោយរំលោភបំពាន គឺត្រូវទទួលទោស តែក្រោយពីគាត់ប្រកាស ស្រាប់តែអាសកម្មភាពហ្នឹង កម្រើកភ្លាមតែម្តង។ អ៊ីចឹងខ្ញុំមើលឃើញថា បទបញ្ជារបស់នាយករដ្ឋមន្ត្រី ហាក់ដូចជាបើកភ្លើងខៀវឱ្យពួកទុច្ចរិតហ្នឹងធ្វើសកម្មភាពរឹតតែណាស់ ហើយក្នុងនាមខ្ញុំអ្នកឃ្លាំមើលកិច្ចការងារទាំងអស់ហ្នឹង ខ្ញុំមានការសោកស្តាយមែនទែន នៅពេលដែលមន្ត្រីរាជការ មិនគោរពតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី ហើយមិនគោរពច្បាប់ ដែលបង្កឱ្យឈ្មួញទុច្ចរិតមានឱកាសបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ជាពិសេស ទ្រព្យសម្បត្តិជាតិ។
នគរធំ ៖ អ៊ីចឹងពាក់ព័ន្ធនឹងករណីលុបសមុទ្រនៅកែបថ្មី ខេត្តកំពត នោះ តើលោកនឹងចុះទៅពិនិត្យនៅពេលណាដែរ ?
លោកពេជ្រ ស្រស់ ៖ ចំពោះកែបថ្មីនេះ ប្រហែលជាដាច់ឆ្នាំនេះ ព្រោះឥឡូវនេះកម្មវិធី ខ្ញុំវារវល់ពេក អ៊ីចឹងប្រហែលជាដាច់ឆ្នាំនេះ ខ្ញុំនឹងចុះទៅពិនិត្យឡើងវិញថា ការចាក់ហ្នឹងវាមានផលប៉ះពាល់ដល់សមុទ្រប៉ុនណា? ហើយច្បាប់ខាងណា គេចេញឱ្យចាក់? អាហ្នឹងគឺយើងនឹងទៅសិក្សាបន្ថែម ហើយនេះគ្រាន់តែជាដំណឹងបឋមទេ ពីពលរដ្ឋថា មានការចាក់លុបទៀត ហើយនៅកែបថ្មី ហ្នឹង ហើយទន្ទឹមដៃសមុទ្រចាក់លុបបាត់ទៅ ហើយខ្ញុំកំពុងកសាងសំណុំរឿងឡើងមិនទាន់ដល់ដៃនាយករដ្ឋមន្ត្រីផង ស្រាប់តែមានរឿងចាក់ផ្សេងទៀតនៅក្នុងខេត្តហ្នឹង។ អ៊ីចឹងវាជាការព្រួយបារម្ភមួយដែរ អារបស់ធម្មជាតិកើតដោយឯង មិនព្រមថែរក្សាទេ ទៅជាបំផ្លាញបន្តិចទៀតរកសមុទ្រ លម្ហែលែងបានសុទ្ធតែកម្មសិទ្ធិហើយ ឱ្យតែឆ្នេរសមុទ្រ។
នគរធំ ៖ តាមពិត កែបថ្មី ក្នុងខេត្តកំពត មានឈ្មោះមកយូរហើយ ដូច្នេះតើលោកចាត់ទុកតំបន់នោះ ជាកន្លែងទាក់ទាញទេសចរណ៍ មួយទេ ទើបចាំបាច់ត្រូវតែការពារ?
លោកពេជ្រ ស្រស់ ៖ វាមិនសំដៅតែទៅលើទេសចរណ៍ទេ វាសំដៅតែទៅលើរបស់ដែល កើតឡើងពីធម្មជាតិ ហើយវាជាសម្បត្តិរដ្ឋ។ បើជារបស់ដែលកើតឡើងពីធម្មជាតិហើយជាសម្បត្តិរដ្ឋ គួរណាស់រដ្ឋមានវិធានការការពារ ហើយរដ្ឋមិនគួរចូលរួមជាមួយឈ្មួញទុច្ចរិត ដើម្បីបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងសម្បត្តិធម្មជាតិទេ ពីព្រោះមន្ត្រីរាជការទាំងអស់នោះ ទាំងឈ្មួញអីនោះ មានលុយមហាសាលយ៉ាងណាក៏ដោយ ក៏មិនអាចបង្កើតធម្មជាតិបានដែរ។ បើយើងបង្កើតធម្មជាតិមិនបានហើយ យើងកុំបំផ្លិចបំផ្លាញធម្មជាតិអី ទុកឱ្យធម្មជាតិហ្នឹងនៅគង់វង្ស ដើម្បីជាផលប្រយោជន៍រួម។ មានន័យថា ផលប្រយោជន៍ដល់សព្វសត្វផង ផលប្រយោជន៍ដល់ពលរដ្ឋនៅជុំវិញហ្នឹងផង និងផលប្រយោជន៍ដល់ពលរដ្ឋដែលចំណាកពីឆ្ងាយទៅកម្សាន្តផង។ អ៊ីចឹងសម្បត្តិធម្មជាតិមួយមុខ ពេលហ្នឹងយើងមិនត្រូវការ តែពេលក្រោយ យើងត្រូវការ ដើម្បីថែរក្សាវាក្នុងទិសដៅទេសចរណ៍ ឬក៏បម្រើផលប្រយោជន៍សហគមន៍។ អ្វីដែលយើងត្រូវការពារ គឺយើងត្រូវការពារអ្វីដែលយើងមិនអាចបង្កើតបានហ្នឹង។ ជាក់ស្តែង នៅសាំងហ្គាពួរ នៅកូរ៉េ អីហ្នឹង គេចង់បានឆ្នេរសមុទ្រស្អាត គេបង្កើតឆ្នេរសិប្បនិមិត្ត គេទិញខ្សាច់ពីយើងទៅក៏មានដែរ ដើម្បីបង្កើតជាតំបន់ឆ្នេរគេ ហើយយើងគួរឱ្យសោកស្តាយ ដែលពិភពលោកប្រកាសថា ប្រទេសកម្ពុជា មានឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក លេខ១ វាបែរជានាំគ្នាទៅបំផ្លិចបំផ្លាញគ្រប់កន្លែងអ៊ីចឹង អាហ្នឹងខ្ញុំគិតថា មិនមានការរីកចម្រើនដល់ប្រទេសជាតិទេ វារឹតតែធ្វើឱ្យប្រទេសជាតិរេចរឹល ដោយសារតែពួកមន្ត្រីចង់បានលុយពួកឈ្មួញទុច្ចរិតនេះឯង។
នគរធំ ៖ បានន័យថា ការចាក់លុបសមុទ្រនៅកែបថ្មី ខេត្តកំពត នោះ អាជ្ញាធរខេត្ត ជាអ្នកទទួលខុសត្រូវឬយ៉ាងណា?
លោកពេជ្រ ស្រស់ ៖ ចំណុចនេះ ខ្ញុំមិនទាន់ច្បាស់នៅឡើយទេ ពីព្រោះទី១ យើងចង់ដឹងពីគតិយុត្តរបស់ពួកគេ តើគេលុបហ្នឹង គេមានច្បាប់ត្រឹមណា? ហើយបើសិនជាមានច្បាប់ រដ្ឋាភិបាលគេអនុញ្ញាតឱ្យលុប អាហ្នឹងក៏យើងមិនទៅដុកដាន់អីគេដែរ ពីព្រោះយើងមិនមែនជាអ្នកកាន់រដ្ឋាភិបាលទេ យើងគ្រាន់តែជាអ្នកឃ្លាំមើល និងពិនិត្យមើលនៃការដំណើរការការងាររបស់មន្ត្រីរាជការ មានភាពប្រក្រតី ឬមិនប្រក្រតី ដើម្បីលើកជាយោបល់ទៅនាយករដ្ឋមន្ត្រី តែប៉ុណ្ណោះ។ សិទ្ធិសម្រេចយ៉ាងណានោះ គឺស្ថិតនៅលើសមត្ថកិច្ចរបស់ដែនដីគេ អ៊ីចឹងអ្វីដែលយើងមើលឃើញពីខាងក្រៅ យើងឃើញថា ចាក់លុបហើយ តែចាំមើលយើងទៅសិក្សាបន្ថែម តើចាក់លុបហ្នឹងក្នុងគោលបំណងអី? ហើយច្បាប់ណា? ហើយអ្នកណាឱ្យសិទ្ធិទៅចាក់លុប? ខ្ញុំចង់ដឹងតែប៉ុណ្ណឹងទេ។
នគរធំ ៖ ជាការបញ្ជាក់ឡើងវិញ តើការចាក់ដីលុបសមុទ្រ តាំងពីខេត្តព្រះសីហនុ មក ដល់ខេត្តកំពត នេះ ដោយសារតែមានអំពើពុករលួយ និងការគប់គិតគ្នាជាមួយមន្ត្រីអាជ្ញាធរ ដែនដីមែនទេ?
លោកពេជ្រ ស្រស់ ៖ ជាការពិត ខ្ញុំនិយាយឱ្យខ្លីទៅ ជាភាសាសាមញ្ញ បើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃវាមិនហ៊ានមកលេងហ្នឹងទេ។ អ៊ីចឹងខ្ញុំគិតថា មានតែខ្មោចស្រុកបើកដៃ ហើយការពារទៀត បានខ្មោចព្រៃវាចូលមកអុកឡុកបាន អាហ្នឹងគឺយើងនិយាយឱ្យស្រួលស្តាប់ យើងមិនបាច់និយាយច្រើនទេ។
នគរធំ ៖ តើលោកគិតថា សម្បត្តិធម្មជាតិ ពាក់ព័ន្ធនឹងការលុបចាក់លុបសមុទ្រនេះ នឹងរលាយសាបសូន្យ ឬរក្សាលក្ខណៈដើមបានទេ នាពេលខាងមុខ ?
លោកពេជ្រ ស្រស់ ៖ ខ្ញុំមើលឃើញថា សេចក្តីវិនាសហិនហោច ឥឡូវវាបែរកាណុងមួយរយភាគរយតែម្តង។ ពីមុន សម្បត្តិធម្មជាតិរលាយហិនហោច គឺនៅទិសខាងប៉ែកឦសាន ខាងរតនគីរី មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង គឺថា ហិនហោចរឿងអី? ហិនហោចព្រៃឈើ តែឥឡូវនេះបែរកាណុងមួយរយភាគរយ ទៅទិសតំបន់ខាងលិច គឺមានកំពត ហើយនិងកោះកុង ហើយនិងកំពង់សោម។ ៣ហ្នឹង គឺកំពុងតែប្រឈមនឹងការហិនហោចតាមតំបន់ឆ្នេរ ដោយសារតែមានការវិនិយោគពីសំណាក់ភាគីចិន ហើយបំផុសនូវថ្លៃដី ដល់ពេលពួកខិលខូចវាមើល ឃើញអាចន្លោះដែលដីមិនទាន់មានកម្មសិទ្ធិ គឺដីរដ្ឋនេះឯង ហើយដីដែលមិនមានការចាប់អារម្មណ៍ខ្លាំង គឺដីតាមមាត់ឆ្នេរមួយចំនួន អាឆ្នេរដែលល្បីហើយ មិនសូវហ៊ានប៉ះទេ។ អ៊ីចឹង ខ្ញុំគិតថា ស្រុកខ្មែរ បើសិនរដ្ឋាភិបាលមិនឆ្លាតវៃក្នុងការទប់ស្កាត់ពួកមន្ត្រីមុខខ្មូតទេ វានឹងរលាយឆាប់ហើយ វាមិនអាចគង់វង្សទេ សម្បត្តិធម្មជាតិហ្នឹង ហើយមិនបាច់និយាយថា ក្រោមស្លាកអភិវឌ្ឍន៍។ ប្រទេសអ្នកណាក៏អភិវឌ្ឍដែរ តែគេមិនដែលអភិវឌ្ឍបំផ្លាញនូវវត្ថុធាតុដើមរបស់ប្រទេសខ្លួនទេ។ តម្រូវការវត្ថុធាតុដើមនៅប្រទេសខ្លួន ជាការផ្គត់ផ្គង់មួយក្នុងស្រុក និងការនាំចេញ ប៉ុន្តែគេមិនអាចផ្គត់ផ្គង់ទាំងដុលឱ្យប្រទេសគេដទៃមកយកភាពចំណេញទាំងអស់ទេ។ យើងមើលរ៉ែមាស ត្បូងអី គេជីកយកទៅអស់ហើយ ឥឡូវហ្នឹងសមុទ្រ ដៃសមុទ្រ បន្តិចទៀតហ្នឹង គឺឱ្យតែមាត់សមុទ្រ សុទ្ធតែរបស់គេទាំងអស់។ របស់កូនខ្មែរ មិនសូវអីទេ តែក្រែងលោរបស់ចិន របស់យួនហ្នឹង អ៊ីចឹង វាអស់មានកូនខ្មែរទៅរកបង្គា បង្កង ខ្យងនៅតាមឆ្នេរលែងបានហើយ អាតំបន់មួយចំនួននោះ ដោយសារអី? គេចាក់លុបយកជាកម្មសិទ្ធិ។ ដូច្នេះបើរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ ក៏ដូចជា អាណត្តិក្រោយទៀត មិនមានវិធានការឆ្លាតវៃ ក្នុងការទប់ស្កាត់មន្ត្រីពុករយលួយនេះទេ ទ្រព្យសម្បត្តិធម្មជាតិរបស់ខ្មែរ នឹងរលាយឆាប់ៗហ្នឹងតែម្តង មិនបាច់យូរទេ ថាយូរបំផុត ៥០ឆ្នាំទៀត គឺអស់ហើយ បើមិនទប់ស្កាត់ទាន់ ព្រោះឥឡូវវាទៅជាបណ្តើរៗហើយ តំបន់មួយចំនួន វាជាលែងជាតំបន់សាធារណៈហើយ បន្តិចទៀត វាជាតំបន់ឯកជន មានអ្នកកាន់កាប់។ ដល់មានអ្នកកាន់កាប់ គឺខ្មែរយើង កូនខ្មែរយើងមួយចំនួន លែងស្គាល់ឆ្នេរសមុទ្រហើយ…៕