ខេត្តស្វាយរៀង ៖ បុរសម្នាក់មានឈ្មោះ Zheng Zhong Gying អាយុ៤៥ឆ្នាំ ជាជនជាតិចិន ជាជាចុងភៅ និងកាន់លិខិតឆ្លងដែន EE0932925 ប្រចាំកាស៊ីណូម្នាក់ ទំនងជាមិនស្រួលខ្លួន កើតអាការងងឹតមុខ ដួលផ្ងារក្រោយ បោកក្បាលនឹងចានបង្គន់ក្នុងបន្ទប់ទឹក បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ទឹកកាស៊ីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានតម្កល់នៅមន្ទីរពេទ្យខេត្ត លុះដល់វេលាម៉ោង២រសៀលថ្ងៃដដែល សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត ប៉ែន សុលដា ផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរខេត្តស្វាយរៀង បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារដួលបោកក្បាលប៉ះផ្នែកខាងក្រោយទៅនឹងចានបង្គន់បន្ទប់ទឹកមែន។
សាកសពត្រូវបានដឹកយកទៅតម្កល់ទុកនៅក្រុមហ៊ុន អូសប៊ន មានទីតាំងនៅវត្តទឹកថ្លា ដើម្បីរងចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី៕