ខេត្តកណ្តាល ៖ កាលពីវេលាម៉ោងប្រហែល២និង២៥នាទីរសៀល បុរសម្នាក់បានរាយខ្សែភ្លើងព័ទ្ធជុំវិញប្រឡាយទឹក ដើម្បីឆក់សត្វកណ្តុរ ស្រាប់តែអកុសល មិនដឹងជាយ៉ាងម៉េច បែរជាភ្លេចខ្លួនដើរចូលទៅជាន់ចំខ្សែភ្លើង បណ្តាលឱ្យឆ្លងចរន្តឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចប្រឡាយទឹកខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ។
បុរសរងគ្រោះ ដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះសំ ប៊ុនធឿន ហៅឡូញ អាយុ៥១ឆ្នាំ មុខរបរករសិករ មានលំនៅក្នុងភូមិ ស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ។
ក្រោយទទួលព័ត៌មានខាងនេះភ្លាម កម្លាំងប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងជំនាញ ក្រុមប្រឹក្សាឃុំឈើទាល មេភូមិព្រែកស្វាយ លោកគ្រូពេទ្យឃុំ ធ្វើការពិនិត្យសព ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕