ករណីហិង្សាមួយបានកើតឡើង ដោយសារបុរសជាប្តីបានប្រើអំពើហិង្សា និងគំរាមបាញ់សម្លាប់ ប្រពន្ធនិងបងថ្លៃស្រី ព្រោះខឹងសួរនាំរឿងមានស្រីញី នៅចំណុចផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បុរជាប្ត្រីដែលប្រើអំពើហិង្សានិងគំរាមបាញ់ប្រពន្ធនិងថ្លៃស្រី មានឈ្មោះហង្ស រ៉ាឌែរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីយោធាសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ឋានន្តរស័ក្តិវរសេនីយ៍ត្រី។ ប្រពន្ធមានឈ្មោះសួន ស្រីទូច អាយុ២៧ឆ្នាំ ចំណែកបងថ្លៃស្រី មានឈ្មោះសួន សារុន មុខរបរកម្មកររោងចក្រ។ អ្នកទាំង៣រស់នៅបន្ទប់ជួល ភូមិឃុំកើតហេតុខាងលើ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាយប់កើតហេតុ នៅម៉ោង៨យប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ មានករណីហិង្សាមួយបានកើតឡើង ដោយសារជនសង្ស័យជាប្តីបានឈ្លោះប្រកែកគ្នាប្រពន្ធ រហូតដល់ប្រើអំពើហិង្សាវាយប្រពន្ធ ស្រាប់តែបងថ្លៃស្រីដែលនៅក្បែរបន្ទប់ជាមួយ ក៏បានសួរនាំ រួចស្តីបន្ទោសជនរងគ្រោះជាប្អូនថ្លៃ ពេលនោះជនសង្ស័យបានកើតអារម្មណ៍មួម៉ៅកាន់តែខ្លាំងឡើងក៏ទះកំផ្លៀងបងថ្លៃ បោកទូរស័ព្ទ និងទាញកាំភ្លើងពីចង្កេះ គំរាមបាញ់សម្លាប់។
ក្រោយពីមានហេតុការណ៍នេះកើតឡើង ប្រជាពលរដ្ឋរស់នៅក្បែរបន្ទប់ជនបង្ក បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដើម្បីចុះអន្តរាគមន៍ ចាប់ខ្លួនជនបង្កនិងបានដកហូតអាវុធខ្លីមួយដើមម៉ាក NP42 (បង់០១គ្រាប់១៥) មកកាន់ប៉ុស្តិ៍រដ្ធបាលចោមចៅ៣ ប៉ុន្តែដោយសារជនបង្កជាមន្ត្រីយោធា សមត្ថកិច្ចប៉ូលិសបានប្រគល់ជនបង្កឲ្យទៅខាងកម្លាំងកងរាជអាវុធហត្ថរាជាធានីភ្នំពេញ សួរនាំបន្ត និងចាត់ការតាមច្បាប់៕