ខេត្តក្រចេះ ៖ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តក្រចេះ បានស្ទាក់ឃាត់រថយន្តដឹកឈើល្មើសច្បាប់ចំនួន៣គ្រឿង ដែលបម្រុងលោតឆត្រឆ្លង ទៅប្រទេសវៀតណាម ប្រគល់ឱ្យរដ្ឋបាលព្រៃឈើចាត់ការតាមច្បាប់។ ប្រត្តិបត្តិការនេះធ្វើឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចឃុំបុសលាវស្រុកចិត្របុរី និងមួយគ្រឿងទៀត ឃាត់នៅឃុំដា ស្រុកចិត្របុរី។
មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់ទាំង៣គ្រឿងខាងលើនេះ ក្នុងនោះ រថយន្ត២គ្រឿង ត្រូវបាននគរបាលសេដ្ឋកិច្ចឃាត់ប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ។ ចំណែក១គ្រឿងទៀត នគរបាលសេដ្ឋកិច្ចសហការជាមួយជំនាញរដ្ឋបាលព្រៃឈើកន្ទួតបង្ក្រាបបាន។ រថយន្តទាំង៣គ្រឿងនោះ មានដឹកទ្វារបង្អួចដឹកឈើកកោះឈើធ្នង់ជាច្រើនសន្លឹក និង១គ្រឿងទៀត ដឹកឈើឈ្លីក។
រថយន្តដឹកឈើទាំង៣គ្រឿងដែលឃាត់ចាប់បានរួមមាន ទី១-រថយន្ត ពណ៌បៃតងចាស់ ពាក់ស្លាកលេខ 2C-1806 ដឹកទ្វារចំនួន៤០វង់ ទី២-រថយន្តសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2K-0477 ដឹកឈើអារលេខ១ និងឈើប្រណីត(កកោះ ធ្នង់) ចំនួន៧៦សន្លឹក ប្រមាណ ជិត៣ម៉ែត្រគូប និងទី៣-រថយន្តសាំងយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2P-0150។
បច្ចុប្បន្ន រថយន្តទាំង៣គ្រឿងខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅស្ថានីយបណ្តុះកូនឈើខ្សា ដើម្បីចាត់ការតាមច្បាប់របស់រដ្ឋបាលព្រៃឈើ៕