Saturday, July 12, 2025
Homeព័ត៌មានជាតិស្រវឹងស្រាដកកាំភ្លើងអាម៉េ ប្រតាយប្រតប់គ្នា រាលកៃបាញ់ចំខ្លួនឯងស្លាប់

ស្រវឹងស្រាដកកាំភ្លើងអាម៉េ ប្រតាយប្រតប់គ្នា រាលកៃបាញ់ចំខ្លួនឯងស្លាប់

ខេត្តព្រះសីហនុ ៖ ជនជាតិចិនប្រុសស្រីមួយក្រុមមានគ្នាប្រមាណ១០នាក់ បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាងខារ៉ាអូខេមួយកន្លែង លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានទំនាស់ពាក្យសម្តីជាមួយមិត្តភក្តិឯង ទើបធ្វើឱ្យបុរសម្នាក់ខឹងដកកាំភ្លើងពីចង្កេះមកអាម៉េ បញ្ចូលគ្រាប់បំណងគំរាម ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល ប្រតាយប្រតប់ដណ្តើមកាំភ្លើងគ្នា រហូតដល់រាលកៃត្រូវម្ចាស់កាំភ្លើងរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍ផ្ទុះអាវុធក្នុងខារ៉ាអូខេបណ្តាលឱ្យជនជាតិចិនម្នាក់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវែលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងក្លឹបកំសាន្ត ស៊ីលីហួយ KTV មានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ TIAN ZHOU អាយុ២៨ឆ្នាំ ជាជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហ្វរជូណាអ៊ិនធើណាសិនណាល់ ក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតវត្ថុតាងចរួមមាន កាំភ្លើងខ្លី១ដើម ម៉ាក GLOCK 19 AUSTRIA មានលេខ BFSK697 ពណ៌ខ្មៅ បង់កាំភ្លើង១ មានគ្រាប់១១គ្រាប់។

បច្ចុប្បន្នកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ កំពុងស្រាវជ្រាវករណីនេះបន្តទៀត ដើម្បីឈានដល់ការកំណត់មុខសញ្ញា ចាប់ខ្លួនជន ពាក់ព័ន្ធមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES