Saturday, July 12, 2025
Homeព័ត៌មានជាតិអង្គុយលេងក្បែរប្រុស ប្តីប្រចណ្ឌទាញកាំបិតកាប់ ប្រពន្ធចូលឃាត់រយះក្បាល

អង្គុយលេងក្បែរប្រុស ប្តីប្រចណ្ឌទាញកាំបិតកាប់ ប្រពន្ធចូលឃាត់រយះក្បាល

ខេត្តស្វាយរៀង ៖ ហេតុការណ៍អំពើហិង្សាមួយ  ដោយសារបុរសជាប្តីម្នាក់ ទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងធ្លាក់ភ្នែក លុះមកដល់ផ្ទះ ប្រទះឃើញប្រពន្ធរបស់ខ្លួនកំពុងអង្គុយជជែកលេងជាមួយបុរសជាអ្នកស្នាក់នៅបន្ទប់ជួលក្បែរគ្នា ស្រាប់តែផ្ទុះភ្លើងប្រចណ្ឌ ស្ទុះចូលទៅទាញកាំបិតផ្គាក់មកកាប់សំដៅបុរសជាអ្នកជិតខាង តែគាប់ជួន ស្ត្រីជាប្រពន្ធស្ទុះរត់ទៅឃាត់ ក៏ត្រូវក្បាលប្រពន្ធ១កាំបិត បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួនរងរបួសធ្ងន់ បានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។

ជនដៃដល់ជាប្តី ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអយ ម៉ុញ អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិចំណតត្រាច ឃុំថ្នាធ្នង់ ស្រុករំដួល។ ចំណែក ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះឆែម ឃ្លា អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ដោយឡែកបុរសជាអ្នកជិតខាង ដែលត្រូវជនសង្ស័យប៉ងកាប់ តែសំណាងល្អ មិនត្រូវមានឈ្មោះសុខ ជា អាយុ២០ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិល្វា ឃុំអារក័ត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅបន្ទប់ជួលក្បែរគ្នា។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍មកថា មានករណីហិង្សាដោយចេតនា បង្កឡើងដោយបុរសជាប្តីបានផឹកស្រវឹង ផ្ទុះភ្លើងប្រចណ្ឌ កាប់ប្រពន្ធរយះក្បាល នៅបន្ទប់ជួយមួយកន្លែង ទើបសមត្ថកិច្ចប្រញាប់ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តីនាំយកទៅសាកសួរ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តស្វាយរៀង។

ជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES