ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានបើកម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់អ្នកដំណើរបានសម្រេច តែក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ ទើប៣ថ្ងៃក្រោយមក ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនម្នាក់ នាំមកចាត់ការតាមច្បាប់ នៅវេលាម៉ោង៨ និង ១០នាទីព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ចំណុចភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចចាប់បានឈ្មោះធុច វិន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិឃុំខាងលើ បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ ឈ្មោះសា រី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ។
ជនរងគ្រោះបានបាត់ទូរស័ព្ទ២គ្រឿង ប្រាក់ដុល្លារ២០០ដុល្លារ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល តែយ៉ាងណា ត្រូវជនរងគ្រោះធ្វើដំណើរមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ លុះនៅវេលាម៉ោង៨និង១០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យបាន ក៏បង្ក្រាបចាប់ខ្លួនជនសង្ស័យខាងលើ ដកហូតវត្ថុតាងបានទូរស័ព្ទដៃ២គ្រឿង ប្រាក់ដុល្លារ៥៣ដុល្លារ ម៉ូតូធ្វើសកម្មភាព១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់ រីឯវត្ថុតាង សមត្ថកិច្ចបានដកហូតប្រគល់ឱ្យជនរងគ្រោះជាម្ចាស់យកទៅប្រើប្រាស់វិញ៕