ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ មានថ្លើមធំ លួចគោប្រជាពលរដ្ឋទាំងព្រឹកតែម្តង លុះពេលមានអ្នកប្រទះឃើញ ស្រែកផ្អើលឆោឡោដល់ពលរដ្ឋក្នុងភូមិ ក៏នាំគ្នាព័ទ្ធចាប់បាននាំមកចាត់ការតាមច្បាប់។ ករណីចោរលួចគោនេះបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅភូមិស្លែងកោង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្ត តាកែវ។
ជនសង្ស័យជាចោរលួចសត្វគោអស់លក្ខណ៍នេះ មានឈ្មោះប៊ុន វណ្ណា ភេទប្រុស អាយុ២៣ ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលចាប់ខ្លួនជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចសត្វគោរបស់ប្រជាពលរដ្ឋចំនួន២ក្បាល ដែលចងឱ្យស៊ីស្មៅនៅកណ្តាលវាលស្រែ បំណងយកទៅលក់ឱ្យកុងស៊ី។ តែពេលដឹកគោទៅ ស្រាប់តែមានអ្នកប្រទះឃើញក៏ស្រែកផ្អើលឆោឡោដល់អ្នកស្រុក នាំគ្នាព័ទ្ធចាប់ជនសង្ស័យបាន និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកយកជនសង្ស័យទៅចាត់ការតាមច្បាប់តែម្តង។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចសត្វគោរបស់ពលរដ្ឋមែន ព្រោះអត់លុយចាយពេក បំណងយកទៅលក់ឱ្យឈ្មួញទិញគោ តែដឹងអី! ត្រូវពលរដ្ឋប្រទះឃើញ ក៏ចាប់ក្របួចរូបគេជាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់”