Sunday, July 13, 2025
Homeព័ត៌មានជាតិអតីតប្តីគំរាមយកប្លង់ដីលក់ ប្រពន្ធមិនឲ្យ យកកាំភ្លើងភ្ជង់ក្រៀកចូលឡាន

អតីតប្តីគំរាមយកប្លង់ដីលក់ ប្រពន្ធមិនឲ្យ យកកាំភ្លើងភ្ជង់ក្រៀកចូលឡាន

ខេត្តកណ្តាល ៖ កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩  ប្តីប្រពន្ធ២នាក់ ដោយសារតែរួមរស់មិនចុះសម្រុងនឹងគ្នា ចេះតែកើតមានរឿងរកាំរកូសមិនឈប់ ក៏ឈានដល់ការផ្តិត មេដៃលែងលះគ្នាត្រឹមសាលាឃុំ លុះលែងលះគ្នាបាន តាំងពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ គឺស្មើរយៈពេលប្រមាណ៣៥ថ្ងៃ ស្រាប់តែភាគីខាងប្តី បានទិញកាំភ្លើងខ្លី យកមកភ្ជង់គំរាមប្រពន្ធ ទាមទារយកប្លង់ដី បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់ នៅចំណុចភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង។

បុរសជាប្តីដែលភ្ជង់កាំភ្លើងិគំរាមប្រពន្ធទាររកប្លង់ដី រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆាយ សាលាភ អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅក្នុងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង។ ចំណែកស្ត្រីរងគ្រោះជាអតីតប្រពន្ធ មានឈ្មោះនួន ដានី អាយុ២៨ឆ្នាំ មុខរបរមេផ្ទះ មានលំនៅក្នុងភូមិឃុំជាមួយគ្នា។

ស្ត្រីជាអតីតប្រពន្ធរូបនេះ បានប្រាប់ថា  កាលពីវេលាម៉ោង៣ និង៣៥នាទីរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្រាប់តែអតីតប្តីជិះរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក់ ពីភ្នំពេញ មកផ្ទះរបស់នាង នៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង។ លុះពេលមកដល់ អតីតប្តីបានសួរនាងរកប្លង់ដីនិងផ្ទះ ដែលមានទីតាំងស្ថិតនៅបូរីចំការដូង ដើម្បីដាក់លក់ តែភ្លាមនោះ នាងមិនបានធ្វើតាមការបង្ខិតបង្ខំរបស់អតីតប្តីឈ្មោះឆាយ សាលាភ នោះទេ ស្រាប់តែធ្វើឱ្យអតីតប្តីរូបនេះ ផ្ទុះកំហឹង ដកកាំភ្លើងខ្លីកាន់ជាប់នឹងដៃ រួចអាម៉េបញ្ចូលគ្រាប់ភ្ជង់នាង ព្រមទាំងបានចាប់ក្រៀកនាងនាំចូលទៅក្នុងរថយន្ត ហើយក៏ត្រូ់វប្រជាពលរដ្ឋឃើញបែបនេះ ចេញមកជួយស្ទាក់ឃាត់រថយន្ត ហើយដណ្តើមបានកាំភ្លើងពីអតីតប្តី និងជួយរំដោះនាងចេញពីរថយន្តមកវិញ លុះឃើញសភាពមិនស្រួល អតីតប្តីក៏បានរត់គេចខ្លួនខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។ ចំណែកនាង ក្រោយកើតហេតុភ្លាមៗក៏បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ។

ក្រោយទទួលបានពាក្យបណ្តឹងហើយ សមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកស្អាង បានចេញប្រតិបត្តិការស្ទាក់ឃាត់ខ្លួនជនសង្ស័យឈ្មោះឆាយ សាលាភ នៅតាមផ្លូវ និងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឆាយ សាលាភ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំភ្លើងទៅភ្ជង់គំរាម អតីតប្រពន្ធដែលទើបនឹងលែងលះគ្នាបានជាង១ខែ ដើម្បីទាមទាររកប្លង់ផ្ទះ យកទៅលក់ប្រាកដមែន។ ជាមួយនេះ ខ្លួនក៏ជាមនុស្សប្រើប្រាស់គ្រឿងញៀន និងធ្លាប់ប្រើថ្នាំប្រភេទម៉ាទឹកកក រយៈពេល៦ខែមកហើយ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES