ខេត្តកំពង់ស្ពឺ ៖ ករណីអំពើហិង្សាក្នុងគ្រួសារមួយ បានកើតឡើង ដោយសារយុវជនជាកូនអកត្តញូម្នាក់ គ្រាន់តែឪពុកបង្កើត ស្តីបន្ទោសតិចតួច ស្រាប់តែមួម៉ៅក្តៅចិត្ត ស្ទុះទៅទាញដំបងឬស្សី និង កាំបិតប៉័ងតោ ដេញវាយនិងកាប់ឪពុកទាំងកំរោល បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ក្របួចកូនប្រុសកំណាចរូបនេះយក ទៅចាត់ការតាមច្បាប់។ ហេតុការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង។
កូនប្រុសអកតញ្ញូ ដែលដេញកាប់ឪពុកដោយមិនខ្លាចបុណ្យបាប មានឈ្មោះងួន គង្គា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះប្រាក់ ឃឿន អាយុ៦៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើជាមួយគ្នា។
ក្រោយត្រូវកូនប្រុសកំណាច ដេញកាប់សម្លាប់យ៉ាងឃោរឃៅបែបនេះ ធ្វើឱ្យបុរសជាឪពុកទ្រាំលែងបាន ក៏សម្រេចរត់ទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនកូនប្រុសកំណាចយកទៅសួរនាំ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនបង្កហេតុបាននៅវេលាម៉ោង៥ និង៣៥នាទីល្ងាចថ្ងៃដដែល ដើម្បីនាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩៕