Sunday, July 13, 2025
Homeព័ត៌មានជាតិមានតិចឯណា មាស២តម្លឹង ប្តូរយកមាស១ដុំ

មានតិចឯណា មាស២តម្លឹង ប្តូរយកមាស១ដុំ

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩  ស្ត្រីម្នាក់បានធ្វើដំណើរទៅផ្សារទិញម្ហូប ដោយពកូនតូចម្នាក់ជាប់នឹងដៃផង លុះមិនទាន់បានចូលដល់ក្នុងផ្សារស្រួលបួលផង ក៏ស្រាប់តែមានមនុស្សមួយក្រុម បានប្រើល្បិចធ្វើជារើសបានកាបូបដាក់មាស រួចក៏បបួលទៅរកកន្លែងស្ងាត់ដើម្បីចែកគ្នា លុះជឿលង់សម្តីជនសង្ស័យ ណាមួយចង់បានចំណែកនឹងគេផង ក៏ព្រមទៅតាម និងត្រូវក្រុមជនសង្ស័យដោះយកគ្រឿងអលង្ការអស់ពីខ្លួន (ជិត២តម្លឹង) រួចគេចខ្លួនបាត់ នៅសល់តែបុរស២នាក់ ត្រូវស្ត្រីរងគ្រោះស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចចាប់ក្របួចជាប់ នៅចំណុចផ្សារសំរោងធំ ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ស្ត្រីរងគ្រោះដែលលង់ខ្លួនចាញ់ល្បិចទម្លាក់យោង រហូតអស់ពីខ្លួនជិត២តម្លឹងនេះ មានឈ្មោះអៀង ស្រីស្រស់ អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ចំណែកជនសង្ស័យមានគ្នាទាំងអស់៥នាក់ ក្នុងនោះរួមមាន ទី១ឈ្មោះដួង សុខន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតភូមិក្រាំងកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ សព្វថ្ងៃ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកល្អក់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី២-ឈ្មោះប៊ុន ហាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សព្វថ្ងៃស្នាក់នៅផ្ទះជួលម្តុំកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះដា មុំ ភេទស្រី អាយុ៣៥ឆ្នាំ មានលំនៅមិនពិតប្រាកដ (គេចខ្លួន)។ ទី៤-ឈ្មោះស្រី ភេទស្រី អាយុ៣៦ឆ្នាំ មានលំនៅមិនពិតប្រាកដ (គេចខ្លួន)។ និងទី៥-ឈ្មោះ ថន ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅមិនពិតប្រាកដ (គេចខ្លួន)។

សម្ភារ និងទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ខ្សែកមាសទម្ងន់៨ជី ក្រវិលមាស១គូ ០,៥ជី និងចិញ្ចៀនប្លាកទីន១វង់ ទម្ងន់៥ជី។ រីឯវត្ថុ តាងដែលសមត្ថកិច្ចចាប់យកបាន រួមមាន ម៉ូតូចំនួន២គ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខតាកែវ 1C-6039 និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GN-8501។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានពកូនចូលក្នុងផ្សារសំរោងធំ ដើម្បីរកទិញម្ហូប ពេលនោះ ក្រុមជនសង្ស័យជាមនុស្សស្រីម្នាក់បានមកឈរពីមុខជនរងគ្រោះ និងមានមនុស្សប្រុសម្នាក់ (ជនសង្ស័យ) បានមកនិយាយខ្សឹបប្រាប់ជនរងគ្រោះថា បងឯងមានរើសកាបូបលុយខ្ញុំទេ រួចហើយក៏ដើរទៅបាត់។ បន្ទាប់មកមានមនុស្សស្រីម្នាក់ទៀត បានមកសួរជនរងគ្រោះថា អ្ហែងមានរើស បានអីឬអត់? ជនរងគ្រោះឆ្លើយថា អត់បានរើសអីទេ។ ពេលនោះជនរងគ្រោះឃើញមនុស្សស្រី ដែលជួបលើកដំបូងជាអ្នករើសកាបូប ហើយបាននិយាយប្រាប់ជនរងគ្រោះថា កុំមាត់ចាំយើងចែកគ្នា ដោយសន្យាចែកឱ្យមួយតម្លឹងកន្លះ រួចក៏បបួលស្ត្រីរងគ្រោះ ឱ្យដើរចេញទៅក្រៅទាំងអស់គ្នា ពីព្រោះលាភយើងមកដល់ហើយ។

ប្រភពដដែលបន្តថា បន្ទាប់មកជនសង្ស័យបានលួងលោមជនរងគ្រោះឱ្យមកចែកមាសគ្នា នៅចំណុចរោងម៉ាស៊ីនកិនស្រូវចាស់ ស្ថិតក្នុងភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ពេលនោះជនរងគ្រោះបានចេញពីផ្សារ និងបានយកកូនតូចទៅផ្ញើបងស្រី រួចដើរជាមួយជនសង្ស័យជា មនុស្សស្រីទាំង២នាក់ សំដៅទៅរោងម៉ាស៊ីនកិនស្រូវចាស់។ ពេលទៅដល់ ស្រាប់តែមានម៉ូតូហុងដាឌ្រីម ចំនួន២គ្រឿង បានមកឌុបជនរងគ្រោះ និងមនុស្សស្រីទាំងពីរនាក់ (ជនសង្ស័យ) សំដៅទៅភ្នំពេញ ពេលជិះដល់មុខវត្តគង្គាស្ទឹង ម៉ូតូក៏ឈប់ ហើយអ្នកទាំងបី (ជនរងគ្រោះ និងជន សង្ស័យជាមនុស្សស្រីទាំងពីរនាក់) ចុះទៅនិយាយគ្នា ដោយជនសង្ស័យជាស្ត្រីទី១ បានហុចដុំមាសឱ្យជនរងគ្រោះយកទៅលក់ តែជនរងគ្រោះប្រកែកថា​ មិនយកទេ ហើយថា បងឯងយកទៅលក់ទៅ។ ជនសង្ស័យឮដូចនេះ ក៏និយាយលួងលោមឱ្យជនរងគ្រោះទុកចិត្ត និងព្រមដោះគ្រឿងអលង្ការប្រគល់ទៅឱ្យពួកគេ ហើយពួកគេបានប្រគល់ស្បោងថាជាដុំមាស មកឱ្យជនរងគ្រោះយកទៅលក់ជាមួយជនសង្ស័យជាស្ត្រីម្នាក់ទៀត រួចក៏នាំគ្នាដើរឡើងមកថ្នល់ជាតិវិញ។

ពេលមកដល់ថ្នល់ជាតិមានម៉ូតូ១គ្រឿងទៀត បានមកឌុបស្ត្រីទាំងពីរនាក់ ជាជនសង្ស័យឡើងទៅភ្នំពេញបាត់ទៅ។ ចំណែកជនរងគ្រោះ បានឡើងជិះម៉ូតូរបស់ឈ្មោះដួង សុខន ដែលជាបក្ខពួកមនុស្សស្រីទាំងពីរនាក់នោះ និងបានប្រាប់ឱ្យជិះកៀកជាមួយម៉ូតូដែលជនសង្ស័យជាស្ត្រីជិះ តែឈ្មោះដួង សុខន ថា ខ្ញុំមិនអាចជិះកៀកបានទេ ពីព្រោះខ្ញុំមិនមែនម៉ូតូឌុបទេ ខ្ញុំមកនិមន្តលោកទេ ឮដូចនេះជនរងគ្រោះសង្ស័យ ក៏បានស្រែកឆោឡោថា ចោរៗ ពេលនោះបានអ្នកស្រុកចេញមកជួយចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួចរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលសំរោងធំ រួចកម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យទាំងពីរ មកប៉ុស្តិ៍ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាធ្វើសកម្មភាពដូចខាងលើប្រាកដមែន។ ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES