Sunday, July 13, 2025
Homeព័ត៌មានជាតិជិត១០មុឺនដុល្លារ តែកុងឡានខ្លួនឯង ធ្វើសុីក្បែរក្រុមហ៊ុន

ជិត១០មុឺនដុល្លារ តែកុងឡានខ្លួនឯង ធ្វើសុីក្បែរក្រុមហ៊ុន

ភ្នំពេញ ៖ បុរសជនជាតិចិន ជាប្រធានគណនេយ្យរបស់ក្រុមហ៊ុនលាយបេតុងម្នាក់ បានចូលទៅដកលុយនៅក្នុងធនាគារ ចំនួន១០ម៉ឺនដុល្លារ យកមកប្រើការ លុះចេញមកវិញ ក៏ត្រូវអ្នកបើកបររថយន្តយកពិលឆក់ វ៉ៃប្លន់យកលុយទៅអស់គ្មានសល់ រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

បុរសរងគ្រោះ ដែលត្រូវតៃកុងឡានរបស់ខ្លួនវ៉ៃប្លន់លុយអស់១០ម៉ឺនដុល្លារ មានឈ្មោះលុង លីន អាយុ៥៦ឆ្នាំ ជាជនជាតិចិន មានតួនាទីជាប្រធានគណនេយ្យក្រុមហ៊ុនលាយបេតុង CHINA XIN CHENG CONCRETE CAMBODIA CO.LTD នៅក្បែរកន្លែងកើតហេតុ។ ចំណែកជនសង្ស័យជាអ្នកបើកបររថយន្តឱ្យជនជាតិចិននោះ ត្រូវបានក្រុមហ៊ុនប្រាប់ឱ្យស្គាល់ថា មានឈ្មោះអុង សុគន្ធ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលាយបេតុង ផ្នែកបម្រើការងារបើកបររថយន្ត មានលំនៅផ្ទះលេខ៥៦E1 ផ្លូវ១១៨ ភូមិ៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យខាងលើ ទើបចូលបម្រើការងារនៅក្នុងក្រុមហ៊ុនលាយបេតុង កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ ដោយបម្រើការខាងផ្នែកបើកបររថយន្តឱ្យថៅកែ។ លុះមកដល់មុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះជាប្រធានគណនេយ្យក្រុមហ៊ុន បានឱ្យជនសង្ស័យបើករថយន្តជូនទៅបើកលុយនៅធនាគារចិនមួយកន្លែង ក្បែរស្ថានីយរថភ្លើងខណ្ឌដូនពេញ ដោយបើកលុយចំនួន៩៩៦៧៩ដុល្លារ (ជិត១០ម៉ឺនដុល្លារ) រួចក៏នាំគ្នាធ្វើដំណើរតាមរថយន្ត១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ឈាមជ្រូក ពាក់ស្លកលេខភ្នំពេញ 2AW-1763 បំណងត្រឡប់មកក្រុមហ៊ុនវិញ លុះពេលធ្វើដំណើរដល់ចំណុចខាងលើ ជិតដល់ក្រុមហ៊ុនទៅហើយ ស្រាប់តែជនសង្ស័យឈប់រថយន្ត រួចទាញពិលឆក់មកធ្វើសកម្មភាពឆក់វាយលើគាត់ រួចដណ្តើមយកលុយទៅបាត់ បន្ទាប់មកក៏ចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។

 

ក្រោយកើតហេតុជនរងគ្រោះទៅប្តឹងប៉ូលិសប៉ុស្តិ៍ឃ្មួញ ឱ្យជួយអន្តរាគមន៍ និងធ្វើការស្រាវជ្រាវរកជនសង្ស័យ៕

RELATED ARTICLES