Sunday, July 13, 2025
Homeព័ត៌មានជាតិប្រពន្ធមិនស្រួលខ្លួនដេកបន្ទប់ផ្សេង ភ្លើងឆេះស្លាប់ ប្តីបីកូនរត់ចេញទាន់

ប្រពន្ធមិនស្រួលខ្លួនដេកបន្ទប់ផ្សេង ភ្លើងឆេះស្លាប់ ប្តីបីកូនរត់ចេញទាន់

ភ្នំពេញ ៖ កាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ក្រុមគ្រួសារមួយកំពុងដេកលង់លក់យ៉ាងស្កប់ស្កល់ ដោយប្តីនិងកូនតូច២នាក់ដេកក្នុងបន្ទប់១ ចំណែកស្ត្រីជាប្រពន្ធមិនស្រួលខ្លួន ដេកក្នុងបន្ទប់១ផ្សេងទៀតតែម្នាក់ឯង ស្រាប់តែអកុសល ពាក់កណ្តាលអធ្រាត្រ ក៏កើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យបុរសជាប្តី ភ្ញាក់ដឹងខ្លួនទាន់ ក៏នាំកូនទាំង២នាក់រត់ចេញមកក្រៅទាន់ពេលវេលា អកុសលតែស្ត្រីជាប្រពន្ធ លង់លក់ក្នុងដំណេក ត្រូវភ្លើងឆេះខ្លោចស្លាប់យ៉ាងរន្ធត់ នៅត្រង់ចំណុចផ្ទះអត់លេខ ខាងត្បូងសាលាមុំ ប្រមាណ៣០០ម៉ែត្រ ស្ថិតតាមបណ្តោយផ្លូវលំ ភូមិក្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះដែលឆេះស្លាប់ក្នុងភ្នក់ភ្លើង មានឈ្មោះលាង អ៊ី អាយុ៣៧ឆ្នាំ មុខរបរជាអាជីវករលក់កាបូបនៅផ្សារឈូកមាស មានប្តី ឈ្មោះជ្រុន សុខដា អាយុ៤០ឆ្នាំ មុខរបរលក់ដូរជាមួយប្រពន្ធ និងមានកូនប្រុសស្រីតូចៗចំនួន២នាក់។ ក្រុមគ្រួសារមួយនេះ មានលំនៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះមកធ្វើការត្រួតពិនិត្យដល់កន្លែងកើតហេតុ រួចបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះ គឺមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតនោះទេ តែបានធ្វើឱ្យស្ត្រីជាម្ចាស់ផ្ទះត្រូវឆេះខ្លោចស្លាប់ក្នុងភ្នក់ភ្លើង និងឆេះខូចខាតសម្ភារនៅក្នុងបន្ទប់ឡៅតឿអស់ចំនួន។

ជុំវិញហេតុការណ៍អគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា មូលហេតុគឺផ្តើមចេញពីការឆ្លងចរន្តអគ្គិសនីម៉ាស៊ីនត្រជាក់។

ក្រោយពីត្រួតពិនិត្យរួចរាល់ហើយ សមត្ថកិច្ចក៏បានធ្វើលិខិតស្នាម និងបានប្រគល់សាកសពស្ត្រីរងគ្រោះខាងលើ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES