Monday, July 14, 2025
Homeព័ត៌មានជាតិបិទមន្ទីរពេទ្យ "វិចតូរៀ" ចាក់សោបង្ខាំងទុកអ្នកជំងឺ គ្មានលុយបង់គ្រប់ចំនួន

បិទមន្ទីរពេទ្យ “វិចតូរៀ” ចាក់សោបង្ខាំងទុកអ្នកជំងឺ គ្មានលុយបង់គ្រប់ចំនួន

ភ្នំពេញ ៖ នារីម្នាក់ រួមនឹងសាច់ញាតិ៥នាក់ទៀត បានអះអាងថា ពួកគាត់ត្រូវបានបុគ្គលិក និងគ្រូពេទ្យដែលបម្រើការនៅក្នុងមន្ទីរពេទ្យអន្តរជាតិវ៉ិចតូរៀ ចាក់សោទ្វារបង្ខាំងទុក ដោយសារតែគ្មានលុយបង់ថ្លៃព្យាបាលឱ្យគ្រប់ចំនួន ខណៈដែលពួកគាត់បានជឿលង់តាមការឃោសនាពីសេវាកម្មពិសេសរបស់មន្ទីរពេទ្យ ដែលធ្វើការពិគ្រោះ និងពិនិត្យជំងឺដោយឥតគិតថ្លៃ តែពេលអ្នកជំងឺចូលទៅពិនិត្យ ស្រាប់តែគិតថ្លៃសេវាជាច្រើនមុខ ព្រមទាំងបំភ័យពីអាការៈជំងឺដើម្បីបង្ខំឱ្យអ្នកជំងឺធ្វើការវះកាត់ទៀតផង។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចបរិវេណមន្ទីរពេទ្យអន្តរជាតិ វ៉ិចតូរៀ មានទីតាំងស្ថិតនៅជាប់ស្តុបផ្សារមាន់អាំង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

នារីជាអ្នកជំងឺដែលទៅទទួលសេវាកម្មពីខាងមន្ទីរពេទ្យវ៉ិចតូរៀ មានឈ្មោះមួយ ហៀង អាយុ១៩ឆ្នាំ ជាបុគ្គលិកបម្រើការនៅក្នុងហាង ផឹកស៊ីមួយកន្លែង។

តាមសម្តីស្ត្រីជាម្តាយរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ បានកើតមានអាការហើមទ្វារមាស ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ គាត់បាននាំកូនស្រី មកកាន់មន្ទីរពេទ្យអន្តរជាតិ វ៉ិចតូរៀ ព្រោះឃើញគេផ្សាយតាមហ្វេសប៊ុកថា ពិគ្រោះ និងពិនិត្យជំងឺ ដោយឥតគិតថ្លៃ។ លុះពិនិត្យរួច គ្រូពេទ្យបានប្រាប់ថា កូនគាត់មានជំងឺគីសនៅដៃស្បូនដំណាក់កាលចុងក្រោយ តម្រូវឱ្យវះកាត់ បើមិនដូច្នេះទេ អាចស្លាប់ ចំណែកគាត់ក៏រារែកសុំត្រឡប់ផ្ទះវិញសិន តែគ្រូពេទ្យទាំងនោះហាមមិនឱ្យមក និងថែមទាំងនិយាយបំភ័យឱ្យគាត់វះកាត់ទៀតផង ទើបគាត់យល់ព្រមវះកាត់ក្នុងតម្លៃ២៨០ដុល្លារ ដែលជាតម្លៃថោកបំផុត ហើយក៏វះកាត់ដោយរលូន តែកូនគាត់ស្រាប់តែសន្លប់បាត់ស្មារតីរហូត ទើបគាត់បានសួរគ្រូពេទ្យ គេតបថា សេវាកម្មវះកាត់២៨០ដុល្លារ ដែលថោកបំផុតនេះ គ្មានថ្នាំព្យាបាលទេ ហើយក៏និយាយប្រាប់ថា ឱ្យយកសេវាកម្មវះកាត់២០០០ដុល្លារទៅ ទើបអាចជា បើមិនដូច្នេះទេអាចស្លាប់ ឬក៏បង់លុយ៦០០ដុល្លារសិនក៏បាន ចាំបង់តាមក្រោយ ទើបគាត់ខ្ចីលុយគេមកបង់៦០០ដុល្លារសិន ទើបខាងគ្រូពេទ្យយកថ្នាំមកឱ្យកូនគាត់លេប និងដឹងខ្លួនឡើងវិញ។ ចំណែកថ្លៃបន្ទប់១យប់៥០០ដុល្លារ គាត់អស់លទ្ធភាព ក៏សុំចេញមកសម្រាកនៅផ្ទះ តែដោយសារបង់លុយមិនទាន់គ្រប់ ខាងពេទ្យមិនឱ្យចេញនោះទេ រហូតចាប់សោរបង្ខំទុកដូចអ្នកទោសតែម្ត។ ពេលកូនស្រីគាត់ត្រូវបង្ខាំងដោយក្រុមគ្រូពេទ្យដូច្នេះ គាត់ក៏សម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ទើបខាងមន្ទីរពេទ្យវ៉ិចតូរៀ ព្រមឱ្យពួកគាត់ត្រឡប់មកវិញ ដោយមិនទាមទារលុយដែលនៅសល់ទៀតទេ។

ដោយឡែកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ឯលឧត្តមម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសបិទ មន្ទីរពេទ្យ “វ៉ិចតូរៀ” សិន ហើយឯកឧត្តមបានចាត់ក្រុមការងារចុះទៅស្រាវជ្រាវករណីនេះភ្លាមៗ ក្រោយទទួលដំណឹងថា ខាងពេទ្យវុិកតូរៀ បានបង្ខាំងនារីដែលវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះទុកក្នុងមន្ទីរពេទ្យ ដោយសារគ្មានប្រាក់បង់ថ្លៃព្យាបាល។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីមន្ទីរពេទ្យអន្តរជាតិវ៉ិចតូរៀ បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES