ខេត្តតាកែវ ៖ កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ យុវជនម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងនារីម្នាក់ រហូតឈានដល់អំពើហិង្សា ស្ទុះទៅរកវាយនារីរងគ្រោះ តែត្រូវនាងរត់គេចចេញទាន់ ស្រាប់តែយុវជនរូបនេះមួម៉ៅក្តៅចិត្ត ស្ទុះទៅវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះគេ និងថែមទាំងដុតម៉ូតូរបស់គេ ១គ្រឿងចោលទៀត ទីបំផុត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់ នៅចំណុចភូមិសុក្រំ ឃុំអូរសារាយ ស្រុកត្រាំកក់។
ជនសង្ស័យមានឈ្មោះង៉ែម បូរ៉ាល់ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានទៅលេង និងហូបបាយនៅផ្ទះរបស់ឈ្មោះសំ វ៉ាញ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាម្តាយរបស់នារីរងគ្រោះ)។ លុះក្រោយមក មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែជនសង្ស័យរូបនេះ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងកូនស្រីម្ចាស់ផ្ទះ រួចក៏បានស្ទុះទៅវាយទៅលើកូនស្រីម្ចាស់ផ្ទះ តែកូនស្រីម្ចាស់ផ្ទះរត់រួច មិនបណ្តាលឱ្យរងរបួសអ្វីទេ។ បន្ទាប់មក ដោយសារតែមួម៉ៅក្តៅចិត្តរឿងវ៉ៃកូនស្រីគេអត់បាន ទើបធ្វើឱ្យជនសង្ស័យស្ទុះទៅវាយពាង ទឹកបែកអស់២ រួចដុតបំផ្លាញម៉ូតូរបស់គេ ១គ្រឿងថែមទៀត ម៉ាកវ៉េវ ពណ៌ក្រហម បណ្តាលឱ្យឆេះហ្មត់។
ដោយសារតែទ្រាំនឹងទង្វើឃោរឃៅរបស់ជនសង្ស័យខាងលើមិនបាន ទើបជនរងគ្រោះជាម្ចាស់ផ្ទះបានរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍តែម្តង
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕