ខេត្តក្រចេះ ៖ បុរសជាកម្មករសំណង់ម្នាក់ បានអង្គុយផឹកស៊ីជាមួយមិត្តភក្តិរួមការងារ តាំងពីក្បាលព្រលប់ រហូតដល់ម៉ោង3ទៀបភ្លឺ ទើបឈប់ផឹកប្រះខ្លួនដេក ស្រាប់តែព្រឹកឡើង មិនឃើញក្រោកទៅធ្វើការ ក៏ត្រូវមិត្តភក្តិចូលទៅដាស់ ទើបដឹងថា ស្លាប់រឹងស្តូក។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង11 និង30នាទីព្រឹក ថ្ងៃទី16 ខែមករា ឆ្នាំ2019 នៅចំណុចក្នុងការដ្ឋានសំណង់ក្នុងបរិវេណមន្ទីរប្រៃសណីយ៍ខេត្ត ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។
ជនរងគ្រោះខាងលើ មានឈ្មោះឡុង ម៉ុន អាយុ29ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានមន្ទីរប្រៃសណីយ៍ខេត្តក្រចេះ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ បន្ទាប់មកក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕