ភ្នំពេញ ៖ ជនសង្ស័យម្នាក់ មានឈ្មោះអ៊ុង សុគន្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជាអតីតបុគ្គលិកក្រុមហ៊ុនលាយបេតុង ផ្នែកបម្រើការងារបើកបររថយន្ត មានលំនៅផ្ទះលេខ៥៦E1 ផ្លូវ១១៨ ភូមិ៩ សង្កាត់ផ្សាដេប៉ូ៣ ខណ្ឌទួលគោក ដែលបានបើកបររថយន្តដឹកជនជាតិចិន ទៅបើកលុយធនាគារ១០ម៉ឺនដុល្លារ លុះចេញមកវិញដល់កន្លែងស្ងាត់ ក៏បែកគំនិតធ្វើសកម្មភាពវាយប្លន់យកលុយទាំងអស់ទៅបាត់ កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្រុងតាខ្មៅ ខេត្តកណ្តាល។
បុរសជនជាតិចិន ជាជនរងគ្រោះ មានឈ្មោះលុង លីន អាយុ៥៦ឆ្នាំ ជាជនជាតិចិន មានតួនាទី ជាប្រធានគណនេយ្យ ក្រុមហ៊ុនលាយបេតុង CHINA XIN CHENG CONCRETE CAMBODIA CO.LTD។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយសហការគ្នាបើកការស្រាវជ្រាវ រហូតឈានដល់បំបែកសំណុំរឿង និងឈានដល់ការចាប់ជនដៃដល់បាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយចាប់ខ្លួនជនសង្ស័យខាងលើបាន សមត្ថកិច្ចបាននាំជនសង្ស័យទៅធ្វើការសាកសួរយកចម្លើយ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មានករណីវ៉ៃប្លន់លុយ១០ម៉ឺនដុល្លារ បានកើតឡើងនៅតាមផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយបុរសជនជាតិចិនជាប្រធានគណនេយ្យរបស់ក្រុមហ៊ុនលាយបេតុងម្នាក់ បានចូលទៅដកលុយនៅក្នុងធនាគារចំនួន១០ម៉ឺនដុល្លារ យកមកប្រើការ លុះចេញមកវិញ ក៏ត្រូវអ្នកបើកបររថយន្តប្រចាំក្រុមហ៊ុន ដែលជាអ្នកបើករថយន្តជូនទៅបើកលុយ យកពិលឆក់វ៉ៃប្លន់យកលុយទៅអស់គ្មានសល់ រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព៕