ភ្នំពេញ ៖ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ម្នាក់ ជិះម៉ូតូតែម្នាក់ឯងទាំងយប់ បំណងត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែជួបគ្រោះអកុសល ជ្រុលល្បឿនទៅបុកចំហៀងខាងក្រោយរថយន្តបែនដឹកដី១គ្រឿង ដែលបើកថយក្រោយដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យផុងលលាដ៍ស្លាប់នៅ នឹងកន្លែងយ៉ាងអាណោចអាធ័ម ធ្វើឱ្យកូនស្រីជនរងគ្រោះមកដល់ទីតាំងកើតហេតុ យំសោកបោកខ្លួន ឱបសពឪពុកនៅលើទ្រូងផ្លូវ មើលទៅគួរឱ្យ សង្វេគ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទល់មុខក្រុមហ៊ុន CTM ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

បុរសរងគ្រោះមានឈ្មោះម៉ន ឡុង អាយុ៥២ឆ្នាំ ជាមន្ត្រីយោធា មាន ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) បំរើការនៅអង្គភាពសេនាធិការដ្ឋានកងអន្តរាគមន៍ អគ្គបញ្ជាការនៃក្រសួងការពារជាតិ មានលំនៅផ្ទះលេខ២៤ ផ្លូវលំ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GS-7033។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ 3A-1851 ជាប្រភេទរថយន្តបែនដឹកដី បិទស្លាក “ស្រេងដឹកជញ្ជូន” បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

ភ្លាមៗនោះ គេឃើញនារីម្នាក់ដែលត្រូវជាកូនស្រីរបស់ជនរងគ្រោះ បានធ្វើដំណើរមកដល់ទីតាំងកើតហេតុភ្លាមៗ និងបានអង្គុយទួញយំឱបសពឪពុក ដែលដេកស្លាប់នៅលើទ្រូងផ្លូវ មើលទៅគួរឱ្យសង្វេគជាទីបំផុត។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីផ្ទះមិត្តភក្តិ គោលបំណងទៅផ្ទះវិញ នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដីបានបើកចូលទៅក្នុងក្រុមហ៊ុន ហើយបានបើកថយក្រោយវិញ ទើបម៉ូតូជិះលឿន មកក៏ជ្រុលទៅបុកគូថពីក្រោយ បណ្តាលឱ្យខ្ទាត ម៉ូតូអូសចេញពីរថយន្ត៣០ម៉ែត្រ ព្រមទាំងធ្វើជនរងគ្រោះដួលបែកក្បាលបាក់កស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងទីតាំងកើតហេតុ និងបានអូសយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

ដោយឡែក សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕


