ខេត្តត្បូងឃ្មុំ ៖ ស្ត្រីចំនួន២នាក់ បានធ្វើសកម្មភាពលួងលោមកូនក្រមុំអ្នកភូមិម្នាក់ ឱ្យចេញទៅធ្វើការនៅប្រទេសចិន ដោយប្រាប់ថា ទទួលបានប្រាក់ខែខ្ពស់ តែគោលបំណងពិតបម្រុងនាំយកទៅលក់នៅប្រទេសចិន ទីបំផុត រឿងរ៉ាវបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន ស្ត្រី សង្ស័យទាំង២នាក់ យកមកចាត់ការតាមច្បាប់ បានធ្វើឡើង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចអូរទឹកស ស្ថិតនៅភូមិចំការថ្មី ឃុំគគីរ ស្រុកមេមត់។

ស្ត្រីសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះវ៉ោក ឆៃងីម ហៅយាយម៉ៅ អាយុ៦១ឆ្នាំ និងទី២-ឈ្មោះ ធួន ថេត អាយុ៣៨ឆ្នាំ។ ស្ត្រីសង្ស័យទាំង២នាក់ខាងលើ មានលំនៅក្នុងភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីសង្ស័យខាងលើ បាននាំគ្នាធ្វើសកម្មភាពលួងលោមកូនក្រមុំអ្នកភូមិ ឱ្យចេញទៅធ្វើការ នៅប្រទេសចិន ដោយអះអាងថា ទទួលបានប្រាក់ខែខ្ពស់ និងអួតថាខ្លួនមានខ្សែបណ្តាញនាំចេញទៅដល់ប្រទេសចិន ដោយមិនចាំបាច់ចំណាយពេលវេលាយូរឡើយ។ ប៉ុន្តែតាមធាតុពិត ស្ត្រីសង្ស័យ គឺមានខ្សែបណ្តាញចាំនាំនារីវ័យក្មេងពីប្រទេសកម្ពុជា យកទៅលក់នៅប្រទេសចិន ដោយលក់ឱ្យបុរសចិន យកទៅធ្វើជាប្រពន្ធ ដើម្បីបប្រើតណ្ហាជាដើម។

បន្ទាប់ពីធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបាន សមត្ថកិច្ចក៏ឈានដល់ការចាប់ឃាត់ខ្លួនស្ត្រីសង្ស័យដើម្បីនាំយកមកសាកសួរតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕