Tuesday, March 17, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងបរិស្ថាន ហាមដេញមាស កណ្តាលទីវាល បំពុលខ្យល់

ក្រសួងបរិស្ថាន ហាមដេញមាស កណ្តាលទីវាល បំពុលខ្យល់

ខេត្តព្រះសីហនុ ៖ ក្រសួងបរិស្ថាន បានចាត់វិធានការឱ្យអាជីវកម្មគ្រឿងអលង្ការ បញ្ឈប់ការចម្រាញ់មាសនៅលើទីវាល ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន នាពេលថ្មីៗកន្លងមកនេះ ទាក់ទងនឹងការចម្រាញ់មាស (ដេញទឹកមាស) នៅទីវាល ក្រសួងបរិស្ថាន បានចាត់ឱ្យមន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ កោះហៅម្ចាស់អាជីវកម្មគ្រឿងអលង្ការ ទិញ-លក់មាស យីហោ នាគមាស សៀង ហ៊ល កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់វិធានការឱ្យបញ្ឈប់ជាបន្ទាន់ ការដុតចម្រាញ់មាស នៅលើទីវាល តទៅទៀត។

មន្ត្រីជំនាញបានធ្វើការណែនាំអំពីការដុតចម្រាញ់មាស នៅទីចំហ ទោះនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួន គឺជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ។

តំណាងម្ចាស់ក្រុមហ៊ុន បានធ្វើកិច្ចសន្យា និងទទួលយកវិធានការ ដើម្បីទប់ស្កាត់ការបំពុលខ្យល់សាធារណៈ និងការប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមជាងដែលអនុវត្តការងារនេះផ្ទាល់។

ដើម្បីបង្ការផលប៉ះពាល់សុខភាពសាធារណៈ និងបរិស្ថាន ក្រសួងបរិស្ថាន បន្តអំពាវនាវឱ្យម្ចាស់អាជីវកម្មគ្រឿងអលង្ការទាំងអស់ បញ្ឈប់ការដុតចម្រាញ់មាស លើទីវាល តទៅទៀត និងសំណូមពរឱ្យសាធារណជន ចូលរួមក្នុងសកម្មភាពទប់ស្កាត់ការបំពុលខ្យល់សាធារណៈ កុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅទីចំហ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហ គ្រាស និងសិប្បកម្ម ឱ្យបញ្ឈប់ការដុតកម្ទេចក្រណាត់និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ នៅក្នុងឡចំហាយ ឡកម្តៅ ឬឡឥដ្ឋដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបញ្ឈប់រាល់ការដុតសំណល់គ្រប់ប្រភេទនៅក្នុងនិងក្រៅបរិវេណរោងចក្រ សហគ្រាស សិប្ប កម្ម និងទីសាធារណៈ ដែលជាហេតុបង្កឱ្យមានការកើនឡើងភាគល្អិតនិចល ការបំពុលខ្យល់សាធារណៈ៕

RELATED ARTICLES