ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩បុរសម្នាក់ ធ្វើការហត់នឿយស្រេកទឹកខ្លាំងពេក ឃើញដបដាក់ថ្នាំកាត់ច្រែះ នឹកស្មានថាទឹកសុទ្ធ ក៏ទាញយកមកផឹក លុះទម្រាំដឹងថា មិនមែនជាទឹក ក៏ជ្រុលផឹកចូលពោះអស់ជាច្រើនទៅហើយ ហើយភ្លាមនោះក្រុមគ្រួសារក៏ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានកើតឡើង នៅចំណុច ផ្ទះលេខ៧៧ ផ្លូវ១៣០ កែង១៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

បុរសរងគ្រោះដែលច្រឡំផឹកទឹកថ្នាំកាត់ច្រែះ ស្មានថាជាទឹក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មខាងលើនេះ មានឈ្មោះអៀង សុខាន់ អាយុ៥៣ឆ្នាំ មានលំនៅផ្ទះលេខ២៥៤ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយពីទទួលព័ត៌មានថា មានមនុស្សស្លាប់នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា រួចមក កម្លាំងរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញ បានចុះទៅពិនិត្យ និងសន្និដ្ឋានថា ការស្លាប់នេះបណ្តាលមកពីគាំងបេះដូង (បណ្តាលមកពីផឹកទឹកច្រលំ ដបទឹកសុទ្ធដែលមានទឹកសំរាប់កាត់ច្រែះក្នុងដប)។

សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅតម្កល់នៅវត្តស្វាយដង្គុំ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
