Wednesday, July 16, 2025
Homeព័ត៌មានជាតិចូលបន្ទប់ទឹកយូរពេក ទាល់តែម្ចាស់ហាងឲ្យកូនស្រីទៅបើកមើល ទើបដឹង...

ចូលបន្ទប់ទឹកយូរពេក ទាល់តែម្ចាស់ហាងឲ្យកូនស្រីទៅបើកមើល ទើបដឹង…

ខេត្តប៉ៃលិន ៖ បុរសជាជនបរទេសម្នាក់ បានចូលទៅក្នុងហាងនំប៉័ងសាច់មួយកន្លែង រួចកុម៉្មង់នំប៉័ងសាច់ និងស្រាបៀរចំនួន២កំប៉ុង មកហូប លុះផឹកស្រាបៀរមិនទាន់អស់១កំប៉ុងផង ក៏ក្រោកដើរចូលបន្ទប់ទឹក ស្រាប់តែចូលទៅបាត់ស្ងាត់ឈឹង មិនឃើញចេញមកវិញ ទើបម្ចាស់ហាងឱ្យកូនស្រីចូលទៅមើល ក៏ប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងនំប៉័ងសាច់យីហោ ៩៩៩ ក្បែរផ្លូវជាតិលេខ៥៧ ស្ថិតនៅទល់មុខសណ្ឋាគារប៉ៃលិន ស៊ី ធី ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

បុរសរងគ្រោះ មានឈ្មោះ MAYHEW PHILIP JAMES SEBASTIAN អាយុ៦៩ឆ្នាំ ជាជនជាតិអង់គ្លេស សញ្ជាតិអាមេរិកាំង ស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងប៉ៃលិន។ ចំណែកម្ចាស់ហាងនំប៉័ងសាច់ មានឈ្មោះសួ រិទ្ធថូ ភេទប្រុស អាយុ៤៥ឆ្នាំ មានប្រពន្ធឈ្មោះកាន់ ជ្រឿន អាយុ៣៩ឆ្នាំ មានស្រុកកំណើតរស់នៅភូមិទម្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងហាងនំប៉័ងយីហោ៩៩៩ ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ច័យ រួចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារអាចកើតជំងឺខ្យល់គរ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចទាក់ទង ហៅរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកខេត្ត ដឹកយកទៅតម្កល់ទុកនៅក្នុងមន្ទីរពេទ្យ ដើម្បីរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES