Thursday, July 17, 2025
Homeព័ត៌មានជាតិសៀតរាល់ដងមិនអី ម្តងនេះផ្ទុះឆេះខ្ទេច

សៀតរាល់ដងមិនអី ម្តងនេះផ្ទុះឆេះខ្ទេច

ខេត្តសៀមរាប៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចត្រពាំងបេង ស្ថិតក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន។

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ សង់ពីឈើជញ្ជាំងក្តារមួយចំហៀង លាយស្បូវមួយចំហៀង និងប្រក់ដំបូលស្បូវ ជាកម្មសិទ្ធិរបស់ឈ្មោះពិន លឿ ភេទប្រុស អាយុ៥២ឆ្នាំ មានប្រពន្ធឈ្មោះពេក នៀវ អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។

តាមមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះតែងសៀតដែកកេះជាប់នឹងដំបូលផ្ទះរបស់ខ្លួនដែលប្រក់ពីស្បូវ ស្រាប់តែមកដល់វេលាកើតហេតុខាងលើ ដែកកេះនោះបានផ្ទុះឡើងធ្វើឱ្យមានការឆាបឆេះដំបូលស្បូវ និងរាលឆេះដល់ផ្ទះទាំងមូល យ៉ាងឆាប់រហ័ស ទោះបីជាប្រជាពលរដ្ឋអ្នករស់នៅក្បែរខាង ព្យាយាមជួយពន្លត់ភ្លើងផង រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់ អគ្គិភ័យមកជួយពន្លត់ផង ក៏មិនឈ្នះ ទីបំផុត ភ្លើងបានឆេះផ្ទះខាងលើអស់ទាំងស្រុងតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា គ្រោះអគ្គិភ័យនេះមានការឆាបឆេះលឿនខ្លាំងណាស់ដោយសារតែផ្ទះជនរងគ្រោះ ប្រក់ដំបូលស្បូវ ចំណែកជញ្ជាំង១ចំហៀង ក៏បាំងស្បូវផងដែរ ទើបធ្វើឱ្យការឆាបឆេះរហ័សបំផុត ចំណែករថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកវ៉ារិន ចេញជួយពន្លត់មិនបានទាន់ពេលវេលានោះទេ ព្រោះទទួលព័ត៌មានយឺតយ៉ាវ ណាមួយផ្ទះខាងលើដាច់ស្រយ៉ាលពីភូមិ ផ្លូវចូលមិនរួច និងមាន ចំងាយផ្លូវប្រមាណ១០គីឡូម៉ែត្រ ពីអធិការដ្ឋាននគរបាលស្រុកវ៉ារិន។

ជុំវិញមូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យខាងលើនេះត្រូវសមត្ថកិច្ចអះអាងថា បណ្តាលមកពីផ្ទុះដែកកេះ ដែលសៀតទុកនៅជាប់នឹងដំបូលស្រូវ។

យ៉ាងណាអគ្គិភ័យខាងលើ មិនបង្កឱ្យមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយក៏មិនមានការឆេះរាលដាលដល់លំនៅដ្ឋាន ប្រជាពលរដ្ឋក្បែរខាងដែរ៕

RELATED ARTICLES