Thursday, July 17, 2025
Homeព័ត៌មានជាតិខឹងបើកដេញបុកមិនបាន ចុះពីលើឡានរត់តាម រកមិនឃើញ បាញ់មេឃ១គ្រាប់

ខឹងបើកដេញបុកមិនបាន ចុះពីលើឡានរត់តាម រកមិនឃើញ បាញ់មេឃ១គ្រាប់

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កជារឿងផ្ទុះអាវុធនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ៥៩៨ ចំណុចដីឡូត៍លីហួរ លក់រថយន្ត ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។

ភាគីរថយន្តទំនើបត្រូវគេដឹងថា ម៉ាកឡិចស៊ីស LS-450 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-9466 បើកបរដោយបុរសម្នាក់មិនស្គាល់ អត្តសញ្ញាណ។ ចំណែកភាគីម៉ូតូវិញ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ក-៤៥៨៤ ស្វ.រ-១ ជិះដោយយុវជនមិនស្គាល់អត្តសញ្ញាណដូចគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេមិនដឹងថា រថយន្តស៊េរីទំនើប១គ្រឿង ម៉ាកឡិចស៊ីសខាងលើ និងម៉ូតូសង់កូរ៉េនោះ បើកប៉ះគ្នាដោយរបៀបណា និងត្រង់ចំណុចណានោះទេ គ្រាន់តែឃើញខាងរថយន្ត បានព្យាយាមបើកប្រដេញតាមពីក្រោយ ម៉ូតូនោះ រហូតដល់ចំណុចផ្លូវ ជា សុផារ៉ា ជិតកន្លែងលក់រថយន្ត លីហួរ ស្រាប់តែភាគីខាងរថយន្តក៏បានបើកបម្រុងបុកឱ្យម៉ូតូដួល តែយុវជន ដែលជាអ្នកបើកម៉ូតូ បានផ្តួលម៉ូតូចោល រួចស្ទុះសំដៅចូលក្នុងផ្លូវលំ។

ចំណែកបុរសដែលជាអ្នកបើកបររថយន្តនោះ បានចុះពីលើរថយន្តទាំងអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង រួចក៏ដកកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាក រត់ចូលទៅតាមរកមើលយុវជនជាអ្នកជិះម៉ូតូ ខណៈដែលកាន់កាំភ្លើង ជាប់ដៃផង និងរកមិនឃើញទៀតនោះ ស្រាប់តែបុរសម្ចាស់រថយន្តនោះ បានផ្ទុះអាវុធបាញ់មេឃចំនួន១គ្រាប់ ដើម្បីគំរាមយុវជននោះ ឱ្យចេញ មក បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅកន្លែងកើតហេតុ ភ្ញាក់ពីដំណេកទាំង មានការភិតភ័យ និងបានលប មើលសកម្មភាព បុរសម្ចាស់រថយន្តនោះ ដើរបាញ់មេឃបន្តរហូតដល់ទៅ៤គ្រាប់ ដោយមិនដឹងថា ពាក់ព័ន្ធនឹងករណីអ្វីឱ្យប្រាកដនោះទេ។

ដោយឡែកតាមប្រភពព័ត៌មានមួយ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស LS-450 ធ្វើដំណើរតាមផូវូលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ បណ្តាលឱ្យភាគីខាងរថយន្តរងការខូចខាតផ្នែកខាងមុខ។ ភ្លាមៗនោះខាងអ្នកបើកបររថយន្ត ផ្ទុះកំហឹង ក៏បើកដេញតាមបុកម៉ូតូ បណ្តាលឱ្យដួល រួចហើយអ្នកបើកបររថយន្តបានបើកទ្វារចុះពីលើរថយន្តដកកាំភ្លើងដេញបាញ់ប្រហារទៅអ្នកបើកបរម៉ូតូចំនួន៤គ្រាប់ ធ្វើឱ្យអ្នកបើកបរម៉ូតូភិត ភ័យព្រលឹងចុងសក់ ក៏រត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយក៏មិនបានឃាត់ម្ចាស់រថយន្តសួររកដើមហេតុ នៃការ ផ្ទុះអាវុធនោះទេ ពោលគឺបណ្តោយឱ្យអ្នកបើកបររថយន្ត ដែលបានផ្ទុះអាវុធជាច្រើនគ្រាប់នោះ ឡើងបើករថយន្តត្រឡប់ក្រោយគេចខ្លួន បាត់ស្រមោល។ រីឯម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីរង់ចាំស្រាវជ្រាវរកម្ចាស់ម៉ូតូយក មកសាកសួរបំភ្លឺ៕

RELATED ARTICLES