Friday, July 18, 2025
Homeព័ត៌មានជាតិស្រ្តីមេម៉ាយធ្វើការងារហួសកម្លាំងរហូតដួលសន្លប់ ខំប្រឹងចិញ្ចឹមកូន៥នាក់

ស្រ្តីមេម៉ាយធ្វើការងារហួសកម្លាំងរហូតដួលសន្លប់ ខំប្រឹងចិញ្ចឹមកូន៥នាក់

ភ្នំពេញ ៖ ស្ត្រីមេម៉ាយជាកម្មការិនីរោងចក្រម្នាក់ ព្រោះតែជីវភាពទីទ័លក្រលំបាក មានកូន៥នាក់ក្នុងបន្ទុក ហេតុនេះទើបប្រឹងធ្វើការ ទាំងឈឺទាំងជា ទាំងមានជំងឺប្រចាំកាយជាប់ខ្លួន ដោយមិនហ៊ានឈប់សម្រាកនោះឡើយ លុះធ្វើការហត់នឿយខ្លាំងពេក ក៏កើតអាការងងឹតមុខ ដួលសន្លប់ទាំងជំហរនៅក្នុងរោងចក្រ ប៉ុន្តែសំណាងល្អត្រូវអ្នករួមការងារប្រទះឃើញស្ទុះទៅត្រកងទាន់ពេល ពុំនោះទេច្បាស់ជាបោកក្បាល មាន បញ្ហាធ្ងន់ធ្ងរមិនខាន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុចរោងចក្រមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះឡាយ សឿន អាយុ៤៩ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន៥នាក់ក្នុងបន្ទុក (ប្រុស៣ ស្រី២) មានលំនៅក្នុង ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកម្មកររួមការងារជាមួយគ្នា បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលស្ត្រីរងគ្រោះកំពុងតែធ្វើការងារសុខៗ ស្រាប់តែកើតមានអាការទន់ដៃជើង ងងឹតវិលមុខដួល តែសំណាងល្អ ភ្លាមៗនោះ ត្រូវបានកម្មករកំពុងឈរក្បែរនោះ ប្រទះឃើញស្ទុះទៅចាប់ត្រកងជាប់ ទើបមិនដួល ហើយត្រូវបានកម្មកររួមការងារ ដឹកយកទៅផ្ទះពេទ្យគ្លីនិកឯកជន តែគេមិនហ៊ានទទួល ដោយជំងឺធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារ ហៅរករថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ ខណៈដែលកំពុងធ្វើការសុខៗ អាការជំងឺចាស់រើឡើង ធ្វើឱ្យវិលមុខដួល និងត្រូវបានគេ ជួយត្រកងទាន់ ពុំនោះទេច្បាស់ជាដួលបោកក្បាលទៅនឹងឥដ្ឋ មានបញ្ហាកាន់តែធ្ងន់មិនខាន។ យ៉ាងណាពេលនេះ ស្ត្រីរងគ្រោះ កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕

RELATED ARTICLES