ភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ស្ត្រីជាអ្នកប្រកបរបរចងការប្រាក់ម្នាក់ បានចាញ់ល្បិចលួងលោមរបស់បុរសម្នាក់រស់នៅនាយសមុទ្រ រហូតដល់អស់ប្រាក់ពីខ្លួន ដល់ទៅ២០ម៉ឺនដុល្លារ លុះក្រោយពីភ្ញាក់ខ្លួន គិតអ្វីលែងចេញ ណាមួយត្រូវប្តីស្តីបន្ទោសខ្លាំងៗផង ក៏សម្រេចចិត្តគិតខ្លី ជិះម៉ូតូកង់បី ទៅលោតទឹកពី លើស្ពានជ្រោយចង្វាបំណងសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ស្ត្រីដែលប៉ុនប៉ងធ្វើអត្តឃាតនេះ មានឈ្មោះនួន វណ្ណារី អាយុ៣៩ឆ្នាំ មុខរបរជាអ្នកចងការប្រាក់នៅ សង្កាត់ចោមចៅ២ មានប្តី និងកូន៣នាក់ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅផ្ទះ 1C សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិ សំបួរមាស ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

តាមការអះអាងរបស់សមត្ថកិច្ចប្រចាំគោលដៅស្ពានជ្រោយចង្វារ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ត្រីរូបនេះធ្លាប់បានមកប៉ងលោតទឹកពីលើស្ពានជ្រោយចង្វារម្តងរួចមកហើយ ប៉ុន្តែអត់បានសម្រេចទេ ដោយសារត្រូវសមត្ថកិច្ចប្រទះឃើញ ជួយឃាត់ទាន់ និងហៅកង់បីឱ្យជូនទៅផ្ទះវិញ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើនេះ ស្ត្រីខាងលើបែរជាមកលោតម្តងទៀត តែសំណាងល្អ ត្រូវសមត្ថកិច្ចជួយសង្គ្រោះទាន់ និងទំនាក់ទំនងហៅសាច់ញាតិ ឱ្យមកទទួលត្រឡប់ទៅផ្ទះវិញ៕





