ខេត្តបាត់ដំបង ៖ បុរសម្នាក់ស្រឡាញ់ប្រុសដូចគ្នា ខឹងម៉ែឪមិនព្រមចូលស្តីដណ្តឹងប្រុស ដែលខ្លួនស្រឡាញ់ បែរជាផឹកថ្នាំពុលប៉ងសម្លាប់ខ្លួន បណ្តាលឱ្យពុលប្រកាច់ប្រកិន ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត បានទាន់ពេល។
ករណីផឹកថ្នាំពុលសម្លាប់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក។
បុរសដែលផឹកថ្នាំពុល ធ្វើអត្តឃាតនោះ មានឈ្មោះយួន យឿម អាយុ៣២ឆ្នាំ ភេទប្រុស (ស្រឡាញ់ភេទដូចគ្នា) រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសខាងលើបានស្រឡាញ់គ្នាជាមួយបុរសម្នាក់ ហើយបានទទូចសុំឱ្យឪពុកម្តាយចូលស្តីដណ្តឹងបុរសជាគូស្នេហ៍នោះ ដើម្បីរៀបការ តែឪពុកម្តាយមិនព្រម ដោយគាត់ប្រាប់ថា ខ្មាស គេណាស់ មិនដឹងជាប្រុសទៅដណ្តឹងប្រុសរៀបការ ម្តេចទៅ វាខុសពីច្បាប់ធម្មជាតិ ធ្វើឱ្យកូនប្រុស (ជនរងគ្រោះ) តូចចិត្តតូចថ្លើម រហូតគិតខ្លីលែងចង់រស់ ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយផឹកថ្នាំបាញ់ស្មៅ តែសំណាងល្អ មិនស្លាប់ គ្រាន់តែពុលប្រកាច់ប្រកិន ហើយត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បានទាន់ពេល។

ដោយឡែក តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្ត បានឱ្យដឹងថា ករណីផឹកថ្នាំពុលធ្វើអត្តឃាតនេះ ពិតជាបានកើតឡើងមែន តែជនរងគ្រោះមិនទាន់ស្លាប់ទេ គ្រាន់តែពុលក្អូតចង្អោរ ស្ថិតក្នុងសភាពធ្ងន់ ហើយពេលនេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តែមិនទាន់ដឹងថា អាចប៉ះពាល់ដល់អាយុជីវិត ឬយ៉ាងណានៅឡើយទេ ដោយក្រុមគ្រូពេទ្យកំពុងតាមដានបន្តទៀត”