ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកសន្តិសុខ និងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឈានដល់បើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួនមេខ្លោងជួញដូរ គ្រឿងញៀនចំនួន2នាក់ប្តីប្រពន្ធ នៅក្នុងបន្ទប់ជួល រួមទាំងធ្វើការឆែកឆេររកឃើញគ្រឿងញៀន11កញ្ចប់ និងវត្ថុតាងផ្សេងទៀតផងដែរ នាំមកសាកសួរ និងចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀននេះ បានធ្វើឡើងនៅយប់ថ្ងៃទី01 ខែកុម្ភៈ ឆ្នាំ2019 ចំណុចភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកសុខ បញ្ញា នាយរងផ្នែកនគរបាលសន្តិសុខ បានឱ្យដឹងថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់មុខសញ្ញាបានច្បាស់ ទើបបង្ក្រាបចាប់ខ្លួនជនសង្ស័យទាំង2នាក់ប្តីប្រពន្ធតែម្តង។

ជនសង្ស័យទាំង2នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនដែលប៉ូលិសដកហូតនេះ ពិតជារបស់ពួកគេមែន ដែលបានទិញពីជនមិនស្គាល់ឈ្មោះម្នាក់ យកមកចែកចាយបន្ត គ្រាន់បានប្រាក់ចំណេញទុកចាយវាយប្រចាំថ្ងៃ តែដឹងអី ក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង។

ក្រោយពីមានចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕