ខេត្តព្រះសីហនុ ៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ត្រូវបុរសជាឪពុកចុងល្មោភកាមចាប់រំលោភរហូតដល់បានសម្រេច២ដង លុះកូនស្រីទម្លាយ រឿងប្រាប់ម្តាយ បែរជាម្តាយមិនជឿ លុះឪពុកចុងចាប់រំលោភជាលើកទី៣ ក៏ត្រូវកូនស្រីនិយាយប្រាប់អ្នកជិតខាង រហូតលេចលឺដំណឹងដល់ឪពុកបង្កើត នាំទៅពិនិត្យ រួចដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចចាប់អូសកឪចុងល្មោភកាម នាំយកមកចាត់ការតាមច្បាប់ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់។

ជនសង្ស័យជាឪពុកចុងល្មោភកាម មានឈ្មោះដៀប ដេត អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៩ឆ្នាំប៉ុណ្ណោះ មុខរបរជាសិស្ស រស់នៅក្នុងបន្ទុកម្តាយ និងឪពុកចុង ដែលជាជនសង្ស័យខាងលើនេះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យល្មោភកាមជាឪពុកចុង បានព្យាយាមឆ្លើយដោះសារថា ខ្លួនមិនបានចាប់រំលោភកូនស្រីចុងរហូតដល់បានសម្រេចដល់ទៅ៣ដង ដូចអ្វីដែលកូនស្រីប្តឹងចោទប្រកាន់នោះទេ តែខ្លួនបានត្រឹមប៉ះពាល់ (លូកស្ទាប) កូនស្រីនេះតែ២ដងប៉ុណ្ណោះហើយ មិនបានសម្រេចនោះទេ។

យ៉ាងណាក្តី ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕