Friday, July 18, 2025
Homeព័ត៌មានជាតិប្រាប់ឲ្យឈប់ទាក់ទងសហាយស្មន់ ប្រពន្ធមិនព្រមស្តាប់ បាញ់ផូងៗ ចូលគុកខ្លួនឯង

ប្រាប់ឲ្យឈប់ទាក់ទងសហាយស្មន់ ប្រពន្ធមិនព្រមស្តាប់ បាញ់ផូងៗ ចូលគុកខ្លួនឯង

ខេត្តកំពត ៖ បុរសម្នាក់ត្រូវប្រពន្ធរបស់ខ្លួនក្បត់ចិត្ត លួចលាក់មានសហាយស្មន់ជាមួយនឹងបុរសម្នាក់ដែលមានប្រពន្ធរួចទៅហើយ លុះរឿងរ៉ាវបែកធ្លាយ បុរសជាប្តីបានព្រមានឱ្យឈប់ទាក់ទងគ្នាដែរ តែភាគីបុរសជាសហាយស្មន់នៅតែមិនស្តាប់ រហូតដល់បុរសជាប្តីផ្ទុះកំហឹង ក៏យកកាំភ្លើងទៅលបបាញ់បុរសជាប្រុសសហាយ តែបែរជាគ្រាប់ផ្លាតត្រូវស្ត្រីជាប្រពន្ធប្រុសសហាយ បណ្តាលឱ្យធ្លាយជើងរងរបួសធ្ងន់ទៅវិញ ទីបំផុត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមដងផ្លូវលំ ស្ថិតក្នុងភូមិ មាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហុក ចេង ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកទឹកឈូ បានបាញ់ចំនួន២គ្រាប់ បណ្តាលឱ្យត្រូវជនរងគ្រោះឈ្មោះឡាយ លី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ រងរបួស១គ្រាប់ក្រោម ជង្គង់ខាងស្តាំ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ទោះបីភាគីខាងប្តីស្ត្រីរងគ្រោះជាសហាយស្មន់ក៏ដោយ ប៉ុន្តែការប្រើប្រាស់អាវុធបាញ់បោះ បង្កឱ្យរងរបួសដល់អ្នកដទៃ ត្រូវតែអនុវត្តតាមច្បាប់។

ក្រោយកើតហេតុ កម្លាំងការិយាល័យព្រហ្មទណ្ឌស្នងការខេត្ត បានចុះទៅអន្តរាគមន៍ភ្លាមៗ ហើយបានឃាត់ខ្លួនជនសង្ស័យនាំមកស្នងការខេត្ត ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕

RELATED ARTICLES