Friday, July 18, 2025
Homeព័ត៌មានជាតិមើលចុះ ម្នាក់ៗផ្អើលទៅមើល ស្ត្រីមានផ្ទៃពោះ៩ខែ

មើលចុះ ម្នាក់ៗផ្អើលទៅមើល ស្ត្រីមានផ្ទៃពោះ៩ខែ

ខេត្តសៀមរាប ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២០-៣២១ ស្ថិតក្នុងភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប។

តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ឈាមជ្រូក គ្មានពាក់ស្លាកលេខ ជាប្រភេទរថយន្តក្រុង៤៥កៅអី បើកបរដោយឈ្មោះ សួន គា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (ឃាត់ខ្លួន)។ បានបើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន និងព្យាយាមវ៉ាជែងរថយន្ត១គ្រឿងទៀត ដោយខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលទៅបុកម៉ូតូកង់បីដែលបើកបរដោយឈ្មោះរ័ត្ន ដារ៉ា (របួសស្រាល) រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ដែលមានទិសដៅពីកើតទៅលិច និងដឹកមនុស្ស២នាក់ប្តីប្រពន្ធ ដែលបុរសជាប្តីមានឈ្មោះ ផាវ ឡែន អាយុ៣៧ឆ្នាំ (របួសធ្ងន់) និងប្រពន្ធឈ្មោះលាក់ ព្រម អាយុ២៣ឆ្នាំ មានផ្ទៃពោះ៩ខែ (ស្លាប់)។ ប្តីប្រពន្ធអ្នកទាំង២ រស់នៅភូមិ ព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួក។ បន្ទាប់មករថយន្តក្រុង បានបន្តទៅបុកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ សៀមរាប ១្ស-០២៧២ បើកបរដោយឈ្មោះកេន ប៊ុនថន ភេទប្រុស អាយុ២២ឆ្នាំ (របួសស្រាល) និងអ្នកជិះពីក្រោយឈ្មោះគិន ចាន់ធូ ភេទប្រុស អាយុ៥១ឆ្នាំ (របួសធ្ងន់) ទាំង២នាក់ រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។

ប្រភពខាងលើ បញ្ជាក់ថា មូលហេតុបណ្តាឱ្យមានគ្រោះចរាចរណ៍ គឺមកពីរថយន្តបើកប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ បង្កឡើងដោយរថយន្តក្រុងឡើងវ៉ាឡានផ្សេងទៀត ខណៈពេលនោះម៉ូតូកង់បីដែលជិះមកពីមុខឃើញមិនស្រួល ក៏គេចមកកៀនផ្លូវដី ពេលនោះរថយន្តក៏មកបុក ម៉ូតូកង់បីដែលឌុប២នាក់ប្តីប្រពន្ធពោះធំមកពីមើលផ្ទៃពោះ នៅមន្ទីរពេទ្យកុមារអង្គរ និងម៉ូតូ១គ្រឿងទៀតដែល ឌុបគ្នាបើកបរស្របទិសគ្នា ជាមួយម៉ូតូកង់បីបណ្តាលឱ្យរបួសធ្ងន់ស្រាលផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ និងធ្វើការវាស់វែង រួចអូសយកម៉ូតូ និងរ៉ឺម៉កម៉ូតូកង់បី ព្រមទាំងរថយន្តបង្ក ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។ ចំណែកអ្នករងរបួស ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរបង្អែកខេត្តសៀមរាប។

ដោយឡែក សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES