Friday, July 18, 2025
Homeព័ត៌មានជាតិម្នាក់ៗលើកកប់ភក់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែផុតអស់ទៅហើយ

ម្នាក់ៗលើកកប់ភក់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែផុតអស់ទៅហើយ

ខេត្តស្វាយរៀង ៖ បុរសជាកម្មករសំណង់ម្នាក់ ឆ្លៀតពេលទំនេរពីការងារ នឹកចង់រកត្រីមកធ្វើម្ហូប ក៏រាយខ្សែភ្លើង បំណងឆក់ត្រី នៅក្បែរការដ្ឋានដែលខ្លួនធ្វើការ ស្រាប់តែអកុសល មិនទាន់បានឆក់ត្រីផង ក៏ឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងមិត្តភក្តិប្រញាប់ជួយសង្គ្រោះបឋម ដោយលើកកប់ភក់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែអកុសលហួសពេលទៅហើយ​ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្បែរការដ្ឋាន ដែលជនរងគ្រោះធ្វើការ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

បុរសរងគ្រោះដែលរាយខ្សែភ្លើងឆក់ត្រី បែរជាឆក់ខ្លួនឯងស្លាប់នេះ មានឈ្មោះទឺម ប្រាជ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការ និងស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានលំនៅក្នុងភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រុំ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន ដោយសារតែជនរងគ្រោះរាយខ្សែភ្លើងឆក់ត្រី ដោយខ្វះការប្រុងប្រយ័ត្ន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ឱ្យគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES