ខេត្តកណ្តាល ៖ បុរសជាទណ្ឌិតជាប់ទោស ពីបទរំលោភសេពសន្ថវៈម្នាក់ ត្រូវបានអនុរក្សពន្ធនាគារខេត្តកណ្តាល បញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីអាការជំងឺប្រចាំកាយ (លើសឈាម) ធ្វើទុក្ខ លុះក្រោយមក ក៏ដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ស្ថិតក្នុងក្រុងតាខ្មៅ។

សាកសពទណ្ឌិតខាងលើ មានឈ្មោះទ្បឹង សែ ភេទប្រុស អាយុ៤៦ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតាកេ ឃុំកោះធំ(ខ) ស្រុកកោះធំ។ ទណ្ឌិតខាងលើ ជាប់ទោសពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ នៅចំណុចភូមិព្រែកតាកេ ឃុំកោះធំ(ខ) ស្រុកកោះធំ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ទណ្ឌិតខាងលើ បានកើតមានអាការៈជំងឺលើសឈាមធ្វើទុក្ខ ទើបត្រូវបានមន្ត្រីអនុរក្សពន្ធនាគារខេត្តកណ្តាល បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ស្រាប់តែមកដល់វេលាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ទណ្ឌិតរូបនោះ ក៏បានដាច់ខ្យល់ស្លាប់តែម្តង ទើបរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ឱ្យចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ បានចុះពិនិត្យសាកសពទណ្ឌិតខាងលើ នៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ រួចបញ្ជាក់ថា សាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ ផ្នែកក្បាល ដងខ្លួន និងអវៈយវៈមានសភាពរឹង។

តាមការសន្និដ្ឋាន ផ្អែកតាមការពិនិត្យពីផ្នែកជំនាញ និងលោកគ្រូពេទ្យកោសល្យវិច័យ ជនរងគ្រោះស្លាប់ដោយជំងឺលើសឈាម។
សាកសពខាងលើត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី”